ក្នុងសម័យចក្រភពរ៉ូម ពេលដែលមេទ័ពម្នាក់ វិលត្រឡប់ពីធ្វើសង្រ្គាមដែលមានជ័យជម្នះ តាមធម្មតា គេធ្វើក្បួនដង្ហែរជ័យជម្នះ ដើម្បីទទួលស្វាគមន៍មេទ័ព ដែលបានប្រយុទ្ធកាន់កាប់បានទឹកដីថ្មីនោះ។ នៅក្នុងក្បួនដង្ហែរនោះ មានការរាប់បញ្ចូលកងទ័ពរបស់មេទ័ពនោះ ក៏ដូចជាចំណាប់ខ្មាំង និងជ័យភ័ណ្ណ ដែលពួកគេរឹបយកបាន ជាភស្តុតាងនៃជ័យជម្នះរបស់ពួកគេ។ ពេលដែលក្បួនដង្ហែរកំពុងឆ្លងកាត់តាមទីក្រុង មានមនុស្សទាំងហ្វូងស្រែកហូរ ដើម្បីអបអរជ័យជម្នះរបស់វីរៈបុរសរបស់ពួកគេ។ តែទន្ទឹមនឹងនោះ ដើម្បីកុំឲ្យមេទ័ពនោះ មានមោទនភាពបំប៉ោងហួសហេតុពេក គេបានឲ្យទាសករម្នាក់ជិះនៅក្នុងរទេះសេះចម្បាំងជាមួយគាត់ ក្នុងក្បួនដង្ហែរនោះដែរ។ តើមកពីហេតុអ្វី? មូលហេតុគឺដើម្បីកាលណាជនជាតិរ៉ូម៉ាំងទាំងហ្វូងៗ ស្រែកសរសើរមេទ័ពនោះយ៉ាងកងរំពង ទាសករនោះអាចបន្តខ្សិបដាក់ត្រចៀកគាត់ជាប់ជានិច្ចថា “អ្នកក៏អាចស្លាប់ដែរ”។
ពេលយើងមានជ័យជម្នះ ហើយក៏អាចភ្លេចភាពកម្សោយរបស់ខ្លួនឯង ហើយអនុញ្ញាតឲ្យចិត្តយើងមានពេញដោយអំណួតដ៏គ្រោះថ្នាក់។ សាវ័កយ៉ាកុបបាននាំយើង ឲ្យងាកចេញពីគ្រោះថ្នាក់នៃសេចក្តីអំណួត ហើយងាកទៅរកការបន្ទាបខ្លួន និងងាកទៅរកព្រះវិញ។ បានជាគាត់មានប្រសាសន៍ថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ ចំណុចសំខាន់នៃសេចក្តីបង្រៀននេះគឺ ព្រះគុណ ។ គ្មានអ្វីដែលអស្ចារ្យជាងព្រះគុណព្រះឡើយ! មានតែព្រះអម្ចាស់ទេ ដែលសមនឹងទទួលការអរព្រះគុណ និងសរសើរដំកើង ជាពិសេស សម្រាប់ព្រះគុណដែលព្រះអង្គបានប្រទានដល់យើង។
ស្នាដៃ ជ័យជម្នះ ឬភាពអស្ចារ្យរបស់យើង មិនមែនបានមកពីខ្លួនយើងឡើយ តែជាព្រះពរនៃព្រះគុណនៃព្រះដែលគ្មានអ្វីប្រៀបផ្ទឹមបាន ដែលជាទីពឹងផ្អែករបស់យើង អស់កល្បជានិច្ច។—Bill Crowder