ពេលដែលខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ត្រូវធ្វើកិច្ចការចុងក្រោយ ដើម្បីបញ្ចប់មុខវិជ្ជាផែនដីវិទ្យា កាលយើងនៅរៀនក្នុងថ្នាក់វិទ្យាល័យ យើងបានសម្រេចចិត្តសង់តុមួយសម្រាប់ពិសោធន៍ចរន្តទឹកហូរ។ ពេលនោះឪពុកខ្ញុំបានជួយសង់តុនោះ ដោយប្រើបន្ទះក្តាកុងផ្លាកេ ធ្វើប្រអប់វែងមួយ ដោយដាក់សន្ទះខ័ណ្ឌនៅចំកណ្តាល។ បន្ទាប់មកយើងក៏បានយកបន្ទះថង់ផ្លាស្ទិកមកក្រាលពីលើ ហើយដាក់ដីខ្សាច់ចូលឲ្យពេលប្រអប់នោះ។ យើងបានភ្ជាប់ក្បាលទុ-យោនៅខាងចុងម្ខាង បញ្ចូលទឹកពីខាងក្រៅ ហើយនៅចុងម្ខាងទៀត យើងបានធ្វើរន្ធសម្រាប់បង្ហូរទឹកចេញក្រៅ។ បន្ទាប់ពីយើងបានដំឡើងតុនោះរួចរាល់ហើយ យើងក៏ចាប់ផ្តើមការពិសោធន៍ ដោយលើកតុនោះឲ្យចុងម្ខាងខ្ពស់ជាងចុងម្ខាងទៀត រួចយើងក៏បើកទឹកឲ្យហូរចូលក្នុងតុនោះ។ ពេលនោះ យើងក៏នាំគ្នាមើលទឹកហូរច្រោះដីខ្សាច់ក្នុងតុនោះ បង្កើតបានជាស្នាមផ្លូវទឹក ដែលហូរចេញពីតុ តាមចុងម្ខាងទៀត។ ក្នុងផ្នែកបន្ទាប់នៃការពិសោធន៍នេះ យើងត្រូវដាក់ដុំថ្មមួយដុំ ក្នុងផ្លូវទឹកដែលកំពុងហូរនោះ ហើយមើលទឹកផ្លាស់ប្តូរទិសដៅ តាមផ្លូវផ្សេងទៀត ដោយសារដុំថ្មនោះ។
ការពិសោធន៍មួយនេះ មិនគ្រាន់តែបានបង្រៀនខ្ញុំ អំពីវិទ្យាសាស្រ្តប៉ុណ្ណោះទេ តែថែមទាំងបាននាំឲ្យខ្ញុំ មានការយល់ដឹងជាច្រើន អំពីជីវិតរបស់មនុស្ស។ វាបានបង្រៀនខ្ញុំថា បើខ្ញុំនៅលើច្រាំងទន្លេនៃជីវិត នោះខ្ញុំមិនអាចផ្លាស់ប្តូរទិសដៅរបស់ចរន្តទឹកបានឡើយ។ ខ្ញុំត្រូវតែបោះជំហានចូលទៅក្នុងទន្លេនៃជីវិត ហើយឈរក្នុងចរន្តទឹកនៃជីវិត ដើម្បីឲ្យវាហូរតាមទិសដៅថ្មី។ នោះហើយជាការអ្វីដែលព្រះយេស៊ូវបានធ្វើនោះ។ ព្រះគម្ពីរបានប្រដូចសេចក្តីសង្រ្គោះ ទៅនឹងថ្មដា(២សាំយ៉ូអែល ២២-៤៧ ទំនុកដំកើង ៦២:២,៦-៧) ហើយសាវ័កប៉ុលក៏បានបញ្ជាក់ថា ថ្មដានោះជាព្រះយេស៊ូវ(១កូរិនថូស ១០:៤)។ ព្រះបានដាក់ព្រះយេស៊ូវ នៅក្នុងចរន្តទឹកនៃប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្ត។
ពេលដែលយើងនៅតែមានជំនឿរឹងមាំក្នុងព្រះគ្រីស្ទ ដោយឥតមានងាករេ នៅក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ នោះព្រះទ្រង់នឹងប្រើយើង ដើម្បីផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្ត តាមរយៈការស្តាប់បង្គាប់របស់យើង ដែលនាំឲ្យអ្នកដទៃងាកមករកព្រះអង្គ។—Julie Ackerman Link