ម៉ៃឃល ប្រោន(Michael Brown) ជាក្មេងប្រុសជនជាតិយូដាម្នាក់ ដែលបានចម្រើនវ័យធំឡើង ក្នុងក្រុងញូយ៉ក។ កាលនោះ គាត់មិនមានចំណាប់អារម្មណ៍នឹងការខាងវិញ្ញាណទេ។ គាត់បានក្លាយជាអ្នកវាយស្គរ ក្នុងក្រុមតន្រ្តីមួយ ហើយក៏ក្លាយជាអ្នកញៀនថ្មាំ។ បន្ទាប់មក មានមិត្តភ័ក្ររបស់គាត់ខ្លះ បានអញ្ជើញគាត់ឲ្យទៅព្រះវិហារ ដែលនៅទីនោះ ពួកជំនុំបានបង្ហាញចេញនូវក្តីស្រឡាញ់ និងអធិស្ឋានឲ្យគាត់ ដែលធ្វើឲ្យគាត់មិនអាចបដិសេធបានឡើយ។ បន្ទាប់ពីលោកម៉ៃឃលមានការតយុទ្ធខាងវិញ្ញាណ អស់មួយរយៈពេលខ្លីមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ។ នេះជាការផ្លាស់ប្រែដ៏ប្រសើរ នៅក្នុងជីវិតរបស់ក្មេងជំទង់សាសន៍យូដាម្នាក់នេះ ដែលធ្លាប់តែជាមនុស្សមានៈ។ ថ្ងៃមួយ គាត់បានប្រាប់ឪពុករបស់គាត់ថា គាត់បានឮ អំពីបទគម្ពីរសញ្ញាចាស់ ដែលបានចែងអំពីព្រះយេស៊ូវ។ ឪពុកគាត់មិនជឿគាត់ទេ បានជាសួរគាត់ថា “បទគម្ពីរមួយណា?” លោកមៃឃលក៏បានយកព្រះគម្ពីរគាត់មក បើកចំព្រះគម្ពីរអេសាយ ជំពូក៥៣។ ពួកគេក៏បានអានបទគម្ពីរនោះជាមួយគ្នា ហើយពេលអានដល់ចំណុចដែលនិយាយអំពីព្រះយេស៊ូវ លោកម៉ៃឃលក៏លាន់មាត់ថា “ត្រង់ហ្នឹងហើយ ដែលនិយាយអំពីព្រះអង្គ គឺនិយាយអំពីព្រះយេស៊ូវ”។
ជាការពិតណាស់ បទគម្ពីរនោះ ពិតជាបាននិយាយសំដៅ ទៅរកព្រះយេស៊ូវមែន។ តាមរយៈជំនួយរបស់គ្រីស្ទបរិស័ទ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ លោកប្រោន ដែលជាឪពុករបស់លោកម៉ៃឃល បានទទួលស្គាល់ព្រះមែស៊ីដែលបានចែង ក្នុងបទគម្ពីរអេសាយ ជំពូក៥៣ ហើយសព្វថ្ងៃនេះ គាត់ជាអ្នកឯកទេសខាងព្រះគម្ពីរ។ គាត់បានពិសោធនឹងសេចក្តីសង្រ្គោះ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ និងអត់ទោសបាប ហើយប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូវ ដែលជា“មនុស្សទូទុក្ខ” ដែលបានចែងក្នុងបទគម្ពីរនោះ(ខ.៣)។ ព្រះយេស៊ូវជាអ្នកដែលបាន “រងរបួស ដោយសារអំពើរំលងរបស់យើង” ហើយបានសុគតជួសយើង នៅលើឈើឆ្កាង(ខ.៥)។
ព្រះគម្ពីរបានបើកសម្តែងអំពីព្រះយេស៊ូវ ដែលមានតែទ្រង់ទេ ដែលមានអំណាចធ្វើឲ្យជីវិតផ្លាស់ប្រែ។—Dave Branon