អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “អ្នកប្រាជ្ញជជែកអំពីទ្រឹស្តី អ្នកចេះដឹងកំរិតមធ្យមជជែកគ្នាអំពីព្រឹត្តិការណ៍ មនុស្សមានគំនិតតូចជជែកគ្នាអំពីមនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើងមានវិធីសាស្រ្តជាច្រើន សម្រាប់និយាយអំពីមនុស្សណាម្នាក់ ដោយផ្តល់កិត្តិយសឲ្យពួកគេ។ ប៉ុន្តែ ពាក្យស្លោកខាងលើនេះ និយាយសង្កត់ធ្ងន់ទៅលើការនិយាយមិនល្អអំពីអ្នកដទៃ។ ក្នុងពិភពលោកសព្វថ្ងៃ យើងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាកាសែត វិទ្យុ ទូរទស្សន៍ និងនៅលើគេហទំព័របណ្តាញសង្គមជាដើម ដែលនិយាយអំពីជីវិត ឬរឿងផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួន តាមរបៀបដែលមិនសមរម្យ។ ការនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ តាមប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានការកើនឡើងកាន់តែខ្លាំង បានជាមនុស្សក្នុងសម័យនេះ ច្រើនតែយល់ថា ការនិយាយដើមគ្នាបានក្លាយជារឿងធម្មតាទៅហើយ ដូចនេះ មិនមែនមានតែអ្នកមាន និងបុគ្គលដែលល្បីឈ្មោះប៉ុណ្ណោះទេ ដែលគេលើកមកនិយាយដើមនោះ។ បានជានៅតាមកន្លែងធ្វើការ ពួកជំនុំ នៅក្បែរផ្ទះ និងក្នុងគ្រួសារយើង មានមនុស្សជាច្រើន ដែលបានក្លាយជាគោលដៅ នៃការនិយាយដើម ដោយអណ្តាតដ៏មុតស្រួច ហើយពួកគេមានការឈឺចាប់ណាស់ ពេលដែលបានដឹងថា ខ្លួនបានក្លាយជាជនរងគ្រោះនៃការនិយាយដើម ដែលការនេះមិនគួរកើតមានសោះ។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចជៀសចេញ ពីការប្រើពាក្យសម្តី ដែលធ្វើឲ្យអ្នកដទៃឈឺចាប់? ជាការពិតណាស់ យើងអាចជៀសវាងការនិយាយដើមអ្នកដទៃបាន ពេលដែលយើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកដែលស្តាប់ឮពាក្យសម្តីគ្រប់ម៉ាត់ ដែលយើងនិយាយចេញមក ទោះជានៅពេលណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងមានជីវិតរស់នៅ ដែលល្អប្រសើរជាងនេះ។ យើងអាចអធិស្ឋានតាមអ្នកនិពន្ធទំនុកដំកើងថា “ឱព្រះអម្ចាស់ ជាថ្មដា ហើយជាអ្នកប្រោសលោះនៃទូលបង្គំអើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់”(ទំនុកដំកើង ១៩:១៤)។ ពេលដែលយើងខិតខំធ្វើឲ្យព្រះសព្វព្រះទ័យ ពេលយើងសន្ទនាជាមួយអ្នកដទៃ នោះមានន័យថា យើងកំពុងតែថ្វាយព្រះកិត្តិនាមដល់ព្រះអង្គហើយ។ យើងអាចទទួលជំនួយពីព្រះអង្គ ដើម្បីថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ តាមរយៈពាក្យសម្តីដែលយើងនិយាយ។—Bill Crowder