នៅរដ្ឋមីឈីហ្គិន គេចូលចិត្តនិយាយកំប្លែងលេងថា ក្នុងមួយឆ្នាំយើងមានរដូវពីរ គឺរដូវរងារ និងរដូវជួសជុសផ្លូវថ្នល់។ បានជាយើងនិយាយដូចនេះ ព្រោះរដូវរងាដែលត្រជាក់ខ្លាំង បានធ្វើឲ្យខូចផ្លូវថ្នល់ ដូចនេះ ជាងជួសជុលថ្នល់ត្រូវប្រញាប់ជួសជុលថ្នល់ ពេលណាទឹកកកនៅតាមផ្លូវថ្នល់រលាយអស់ ហើយដីក៏ឈប់កករឹង។ ទោះបីជាយើងហៅការងារនេះថា “ការជួសជុលថ្នល់”ក៏ដោយ ក៏តាមពិត ភាគច្រើននៃការជួសជុលរបស់ពួកគេ គឺមិនខុសពីការ “បំផ្លាញផ្លូវថ្នល់”ឡើយ។ ព្រោះជួនកាល បើគេគ្រាន់តែជួសជុលកន្លែងដែលមានក្រឡុក គឺមិនមែនជាជម្រើដ៏ល្អឡើយ។ ពោលគឺជាងជួសជុលថ្នល់ ត្រូវសាងសង់ផ្លូវថ្នល់នោះសារឡើងវិញ ទើបបានត្រូវ។
ត្រង់ចំណុចនេះ បើយើងប្រៀបធៀបនឹងជីវិតខាងវិញ្ញាណវិញ នោះយើងឃើញថា ព្រះទ្រង់ក៏បានប្រទាននូវផ្លូវថ្មី សម្រាប់ជីវិតរបស់យើងផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល យើងឃើញថា ព្រះបានប្រាប់រាស្រ្តព្រះអង្គ ឲ្យរំពឹងគិតអំពីការជួសជុលផ្លូវដ៏សំខាន់ ដែលតភ្ជាប់រវាងពួកគេនឹងព្រះអង្គ(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេលដែលព្រះចាត់ព្រះយេស៊ូវឲ្យយាងចុះមក ពួកសាសន៍យូដាហាក់ដូចជាយល់ថា ព្រះយេស៊ូវបានយាងមកបំផ្លាញផ្លូវនៃជីវិតរបស់ពួកហើយ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានបំផ្លាញអ្វីឡើយ។ តាមពិត ព្រះអង្គបានយាងមក ដើម្បីសម្រេចការជួសជុលនោះទៅវិញទេ(ម៉ាថាយ ៥:១៧)។ ផ្លូវចាស់ដែលត្រូវបានចាក់ក្រាលពីលើដោយក្រឹត្យវិន័យ ត្រូវក្លាយជាផ្លូវថ្មី ដែលក្រាលពីលើដោយសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះទ្រង់នៅតែធ្វើកិច្ចការរបស់ព្រះអង្គ ដោយជំនួសផ្លូវចាស់នៃអំពើបាប និងក្រឹត្យវិន័យនិយម ដោយផ្លូវថ្មី នៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានសាងសង់ចប់សព្វគ្រប់។ ពេលដែលព្រះអង្គដកចេញផ្លូវចាស់ នៃការគិត និងការប្រព្រឹត្តដែលយើងធ្លាប់តែមាន យើងអាចមានអារម្មណ៍ថា អ្វីៗដែលយើងចូលចិត្ត ហាក់ដូចជាកំពុងទទួលរងការបំផ្លាញអញ្ចឹង។ តែព្រះទ្រង់មិនបានបំផ្លាញអ្វីឡើយ។ ព្រះអង្គកំពុងតែកសាងផ្លូវដែលល្អជាងសម្រាប់យើង។ ហើយយើងអាចទុកចិត្តថា ផ្លូវនោះនឹងនាំឲ្យយើងមានទំនាក់ទំនង ជាមួយអ្នកដទៃកាន់តែរលូន ព្រមទាំងមានទំនាក់ទំនងជាមួយព្រះកាន់តែជិតស្និទ្ធផង។—Julie Ackerman Link