ជារៀងរាល់ថ្ងៃ ពេលខ្ញុំធ្វើដំណើរទៅកន្លែងធ្វើការ ក៏ដូចជានៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំមានពេលច្រើន សម្រាប់អានអក្សរស្ទីគើរ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលកំពុងបើកនៅខាងមុខឡានខ្ញុំ។ ខ្ញុំឃើញឡានខ្លះមានបិទពាក្យគ្រោកគ្រាត ឡានខ្លះទៀតមានដាក់ពាក្យស្លោកពិរោះៗ តែមានឡានមួយចំនួន មានបិទពាក្យអក្សរអសីលធម៌យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះខ្ញុំឃើញឡានមួយគ្រឿងមានបិទពាក្យពេចន៍ដ៏ស្រទន់ នៅលើកាងខាងក្រោយរបស់វា ដែលបានលើកទឹកចិត្តខ្ញុំ ឲ្យគិតអំពីអាកប្បកិរិយ៉ា ដែលខ្ញុំច្រើនតែមាន ក្នុងការរស់នៅ។ អក្សរស្ទីគើរនោះសរសេរថា “ខ្ញុំមានពរខ្លាំងណាស់ ខ្ញុំមិនរអ៊ូរទាំអំពីជីវិតឡើយ”។
ខ្ញុំទទួលស្គាល់ថា ពេលនោះខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំជញ្ជឹងគិតអំពីពាក្យមួយឃ្លានេះ។ មានពេលច្រើនដងពេកហើយ ដែលខ្ញុំបានចំណាយពេលនឹកស្តាយអំពីការអ្វីដែលមិនបានសម្រេចដូចបំណងរបស់ខ្ញុំ ជាជាងចំណាយពេលផ្តោតទៅលើអំណោយដ៏អស្ចារ្យ ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌បានប្រទានមក។ ពេលដែលខ្ញុំបានអានពាក្យពេចន៍ដ៏សាមញ្ញ នៅថ្ងៃនោះហើយ ខ្ញុំក៏បានធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងមានការដឹងគុណចំពោះព្រះអម្ចាស់ កាន់តែសកម្ម និងអស់ពីចិត្ត ព្រោះព្រះនៃយើង ព្រះអង្គល្អចំពោះខ្ញុំណាស់ តាមរបៀបជាច្រើន ដែលខ្ញុំមិនអាចរាប់អស់។ បទគម្ពីរទំនុកដំកើង ជំពូក១០៧ ជាទំនុកបទចម្រៀង ដែលព្យាយាមកែប្រែគំនិតរបស់មនុស្ស ដែលមិនចេះអរព្រះគុណព្រះ។ មានមនុស្សជាច្រើនយល់ថា ស្តេចដាវីឌ ជាអ្នកនិពន្ធទំនុកមួយនេះ ដែលបានដាស់តឿនចិត្តដែលកាន់តែត្រជាក់ឡើងៗ ដោយគ្មានការដឹងគុណព្រះ គឺដូចដែលទំនុកមួយនេះបានច្រៀងបន្ទរបួនដងថា “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បីតែក្នុងពេលដែលពិបាកបំផុត ក៏យើងនៅតែមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ។ សូមយើងរៀនអរព្រះគុណព្រះ សម្រាប់សេចក្តីល្អ ដែលព្រះអង្គមានចំពោះយើង!—Bill Crowder