មានពេលមួយ ការធ្វើដំណើររបស់ខ្ញុំតាមយន្តហោះ ទៅកាន់ក្រុងហ្វ្រែងហ្វ៊ត ត្រូវបានពន្យាពេល ដោយសារមានព្យុះរន្ទះ។ គេបានប្រាប់យើងថា យើងនឹងបានធ្វើដំណើរ នៅពេលល្ងាចថ្ងៃស្អែក ប៉ុន្តែ ពេលដែលយើងមកដល់ច្រកចូល គេបែរជាប្រាប់យើង ឲ្យនៅរង់ចាំជើងហោះហើរមួយទៀត ព្រោះជើងហោះហើរនោះបានពេញហើយ។ ពេលនោះ ខ្ញុំក៏បានឆ្ងល់ថា តើនេះគ្រាន់តែជាការជូនដំណឹងខុស ឬនេះជារបៀបដែលគេយករួចខ្លួន ពេលដែលមានការខកខានដំណើរ។ ពួកគេគួរតែប្រាប់អ្នកដំណើរអំពីការពិត តាំងពីដំបូង ដើម្បីកុំឲ្យពួកគេមានការខកចិត្ត។
ប៉ុន្តែ ខ្ញុំសូមអរព្រះគុណព្រះ ដែលព្រះអង្គមិនដែល ធ្វើការរបៀបនេះឡើយ។ ព្រះអង្គប្រាប់យើងយ៉ាងច្បាស់ អំពីរបៀបទៅនៅនគរស្ថានសួគ៌។ ព្រះគម្ពីរបានចែងថា “គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣)។ ជាដំបូង ព្រះអង្គបានបង្ហាញយ៉ាងច្បាស់ អំពីនិស្ស័យបាបរបស់មនុស្ស ក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក៣ ហើយបន្ទាប់មក ទ្រង់ក៏បានប្រទាននូវដំណោះស្រាយយ៉ាងគ្រប់គ្រាន់ ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប។ បទគម្ពីររ៉ូម ៣:២៤ បានចែងអំពីដំណោះស្រាយនេះ យ៉ាងដូចនេះថា “ដោយពឹងដល់ព្រះគុណទ្រង់ នោះយើងបានរាប់ជាសុចរិត ដោយសារសេចក្តីប្រោសលោះ ក្នុងព្រះគ្រីស្ទយេស៊ូវ”។ ព្រះបានចាត់ព្រះរាជបុត្រាទ្រង់ ដែលគ្មានបាបសោះ ឲ្យមកសុគតដើម្បីលោះបាបយើង។ ការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង បានផ្តល់ឲ្យយើងនូវការអត់ទោសបាប។ ដូចនេះ ដើម្បីឲ្យយើងបានរួចពីបាប យើងគ្រាន់តែទទួលអំណោយនៃសេចក្តីសង្រ្គោះ ដោយឥតគិតថ្លៃ ដោយជំនឿរបស់យើង។ ដូចនេះ ខ្ញុំមានអំណរណាស់ នៅពេលដែលព្រះបានផ្តល់ដំណឹងអំពីសេចក្តីពិតទុកជាមុន។ ព្រះអង្គមិនបានទុកឲ្យយើង ស្វែងរកដំណោះស្រាយដោយខ្លួនឯងឡើយ។—C.P.Hia