មានពេលមួយនោះ ខ្ញុំបានកត់សំគាល់ឃើញថា ក្នុងតំបន់ដែលខ្ញុំរស់នៅ គេបានយកសៀវភៅដែលនិយាយទាក់ទងនឹងមន្តអាគមន៍ មកលក់កាន់តែច្រើន ក្នុងបណ្តាគាមួយកន្លែង ពេលដែលគេរៀបចំធ្នើសៀវភៅឡើងវិញ។ គេបានដាក់សៀវភៅរបស់គ្រីស្ទបរិស័ទ ក្នុងធ្នើសៀវភៅដែលនៅចុងម្ខាង ហើយដាក់សៀវភៅអបិយជំនឿ ក្នុងចំនួនដូចគ្នា ក្នុងធ្នើនៅចុងម្ខាងទៀត។ ដូចនេះ អំណាចនៃពន្លឺហាក់ដូចជា មានកម្លាំងស្មើនឹងអំណាចនៃភាពងងឹត នៅក្នុងបណ្ណាគាមួយនេះ។
ជួនកាល មនុស្សប្រហែលជាគិតថា ព្រះ និងសាតាំងមានអំណាចស្មើគ្នា។ គេយល់ថា ព្រះ និងសាតាំងមានភាពផ្ទុយគ្នា តែមានកម្លាំងស្មើគ្នា ដោយអំណាចដែលគ្មានព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះទ្រង់ជាព្រះ តែសាតាំងមិនមែនជាព្រះទេ។ ព្រះទ្រង់មានអំណាចខ្លាំងជាងអំណាចនៃភាពងងឹត។ ព្រះអង្គធ្វើការអ្វី តាមបំណងព្រះទ័យព្រះអង្គ ដោយគ្មានអ្វីអាចរារាំងព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៥:៦) ចំណែកឯសាតាំងវិញ អំណាចរបស់វាមានកំណត់ គឺអាចធ្វើអ្វីដែលព្រះអនុញ្ញាតឲ្យធ្វើប៉ុណ្ណោះ។ ពេលដែលសាតាំងសន្និដ្ឋានថា លោកយ៉ូប នឹងជេរព្រះ ពេលគាត់ជួបទុក្ខលំបាក់ខ្លាំង ព្រះអង្គក៏បានប្រាប់វាថា “មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។
ដោយសារព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ នោះក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនចាំបាច់រាថយ ដោយខ្លាចអំណាច ដែលសាតាំងមានមកលើជីវិតយើង និងមកលើជីវិតរបស់គ្រីស្ទបរិស័ទដែលនៅជុំវិញយើងឡើយ។ វាល្បួងយើង ហើយព្យាយាមបញ្ចេញឥទ្ធិពលមកលើយើង ដើម្បីឲ្យយើងធ្វើអ្វីមួយតាមចិត្តវា ប៉ុន្តែ ព្រះគម្ពីរបានផ្តល់ការធានាដល់យើងថា “ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍”(១យ៉ូហាន ៤:៤)។—Jennifer Benson Schuldt