ការ​ចាប់​ផ្តើម ​ក្នុងវ័​យក្មេង

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ពួក​ជំនុំរ​បស់​យើងបាន​អញ្ជើញ​បុរស​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​ខេលិប(Caleb) ឲ្យ​ចូល​រួម​ជា​មួយ​បុគ្គលិក​របស់​យើង។ ខេលិបក៏​បាន​​ចែក​​ចាយ អំពីកា​រ​រស់នៅ​​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាំង​ពី​ក្មេង​មក​ ខណៈពេ​ល​ដែល​ឪពុក​ម្តាយ​របស់​គាត់ កំពុង​បម្រើ​ព្រះ​គ្រីស្ទ នៅ​ទី​នោះ។ គាត់​ក៏​បាន​យកព្រះ​​បន្ទូល​មក​ឆ្លុះ​បញ្ចាំង​ក្នុង​ជីវិត​គាត់ គឺ​បទ​គ​ម្ពីរ ២ធីម៉ូថេ ៣:១៤-១៧។ គាត់​បាន​រំឭក​រឿង​ដើម​ថា កាល​ពីក្មេង គាត់​​ចេះ​ព្រះប​ន្ទូល​ច្រើន។ ឪពុក​ម្តាយរប​ស់​គាត់ បាន​បង្រៀន​គាត់ ឲ្យ​ស្គាល់​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល “អាច​​នឹង​​នាំ​​ឲ្យ​គាត់​​មាន​​ប្រាជ្ញា​​ ដល់​​ទី​សង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ យេស៊ូវ​ផង”​(ខ.១៥)។ គាត់​បាន​ទទួល​ស្គាល់ថា​ គាត់​បាន​ត្រៀម​ខ្លួន ​ធ្វើជា​គ្រូគង្វាល ចាប់​តាំង​ពី​ពេល ​ដែល​គាត់​នៅ​ក្មេង។ ពួក​ជំនុំ​របស់​យើង​បាន​មាន​ឱកាស “ជួប” ក្រុម​គ្រួសារ​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាម​រយៈ​ទូរស័ព្ទ​ដែល​មើល​មុខ​គ្នា​ឃើញ​ជា​ក្រុម។

ឪពុក​របស់​លោក​ខេលិប​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ប្រើ​ព្រះបន្ទូល​ព្រះ​យេស៊ូវ ដែល​មាន​ចែង​ក្នុង ព្រះ​គម្ពីរ​ម៉ាកុស ១០:៤៥។ គាត់​បាន​ផ្តាំ​ខេលិប​ថា “ខេលិប កូន​ត្រូវ​ចាំ​បាវចនា​របស់​គ្រួសារ​យើង ដែល​ចែង​ថា ‘យើង​រស់​នៅ​ដើម្បី​បម្រើ មិន​មែន​ដើម្បី​ឲ្យ​គេបម្រើ​យើង​ទេ’”។ ត្រង់​ចំណុច​នេះ យើង​ងាយ​នឹង​យល់ អំពី​របៀប​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​នេះ មាន​ការលូត​លាស់​ភាព​ពេញ​វ័យ​ខាង​ជំនឿ។

កូន​ដែល​ព្រះ​បាន​ផ្ញើ​នឹង​យើង​រាល់​គ្នា សុទ្ធតែ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា។ មូល​ដ្ឋាន​គ្រឹះ​ដ៏​ល្អ ដែល​ពួក​គេ​មាន​តាំង​ពី​ក្មេង នឹង​ជួយ​ពួក​គេឲ្យ​លូត​លាស់​ទៅ​ជា​គ្រីស្ទ​បរិស័ទ ដែល​ពេញ​វ័យ​ខាង​វិញ្ញាណ ដែល​ធ្វើ “ឲ្យ​​អ្ន​ក​​សំណប់​​របស់​​ព្រះ​​បាន​​គ្រប់​​លក្ខណ៍ ហើយ​មាន​​គ្រប់​​ទាំង​​ចំណេះ​ សំរាប់​​នឹង​​ធ្វើ​ការ​ល្អ​គ្រប់​មុខ”(២ធីម៉ូថេ ៣:១៧)។ ដោយ​សារ​យើង​មាន​ជំនួយ​មក​ពីព្រះ នោះ​យើង​អាច​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្តរ​វេណ​ខាង​ជំនឿ​។ យើង​ពិត​ជា​មាន​អភ័យ​ឯក​សិទ្ធិ​ពិសេស​ណាស់ ដែល​បាន​ធ្វើ​ជា​អ្នក​បម្រើ តាម​គំរូ​ព្រះ​យេស៊ូវ។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles