លោកហ្រ្វង់ស៊ីស ស្កេហ្វឺរ(Francis Schaeffer) ជាអ្នកនិពន្ធ និងជាអ្នកជំនាញខាងឆ្លើយសំណួររបស់អ្នកមិនជឿព្រះ។ កាលគាត់នៅរៀន នៅសកលវិទ្យាល័យ គាត់មានការពិបាកនៅក្នុងការប្រកបពាក្យឲ្យបានត្រឹមត្រូវ ដោយសារគាត់មានជម្ងឺដែលធ្វើឲ្យគាត់ពិបាករៀនពាក្យ។ ដោយសារគាត់សរសេរពាក្យខុសច្រើន នោះពន្ទុះគាត់បានធ្លាក់ចុះ ក្នុងកិច្ចការសាលាដែលគ្រូបានដាក់ឲ្យ។
ក្នុងអំឡុងពេលឆ្នាំទីមួយ មានសាស្រ្តាចារ្យម្នាក់បានប្រាប់គាត់ថា “ខ្ញុំមិនដែលឃើញសិស្សណា សរសេរអំពីទស្សនវិជ្ជាបានល្អដូចអ្នកទេ តែខ្ញុំក៏មិនដែលឃើញនរណាសរសេរពាក្យខុសច្រើនដូចអ្នកដែរ។ តើខ្ញុំត្រូវឲ្យពន្ទុះអ្នកដូចម្តេច? ខ្ញុំមិនអាចឲ្យអ្នកជាប់បានទេ”។ លោកហ្វ្រង់ស៊ីសក៏បានឆ្លើយថា “លោកគ្រូ ទោះខ្ញុំខំរៀនប្រកបពាក្យយ៉ាងណា ក៏នៅតែប្រកបខុស។ តើលោកគ្រូគ្រាន់តែអាចគិតអំពីអ្វីដែលខ្ញុំបានសរសេរ ដោយមិនគិតអំពីការប្រកបពាក្យរបស់ខ្ញុំបានទេ?” បន្ទាប់ពីស្ងាត់មាត់មួយសន្ទុះធំ លោកសាស្រ្តាក៏បានឆ្លើយថា “មិនអីទេ ខ្ញុំនឹងឲ្យអ្នកជាប់ ដោយមិនគិតអំពីការប្រកបពាក្យខុសរបស់អ្នក”។ ការឆ្លើយតបដ៏ឈ្លាសវៃ ប្រកបដោយចិត្តមេត្តារបស់លោកសាស្រ្តចារ្យ នៅថ្ងៃនោះ បានលើកទឹកចិត្តយុវជនម្នាក់នេះ ដែលមានអំណោយទានក្នុងការនិពន្ធ ហើយក្រោយមក គាត់ក៏បានជួយត្រួសត្រាយផ្លូវ សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ដែលកំពុងស្វែងរកព្រះ ធ្វើឲ្យពួកគេរកឃើញផ្លូវទទួលជឿព្រះគ្រីស្ទ។
ហោរាអេសាយបានមានប្រសាសន៍ អំពីព្រះមែស៊ីដែលនឹងយាងមកតាមសន្យា យ៉ាងដូចនេះថា “ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្តីយុត្តិធម៌ ដោយសេចក្តីពិត”(អេសាយ ៤២:៣)។ បទគម្ពីរនេះ និយាយឆ្លុះបញ្ចាំង អំពីអង្គបុគ្គលម្នាក់ ដែលមានអំណាច តែមានចិត្តសុភាព បានដោះលែងអ្នកជាប់ឃុំឃាំងឲ្យមានសេរីភាព ហើយលើកទឹកចិត្តអ្នកដែលបាក់ទឹកចិត្ត និងអស់សង្ឃឹម។ ព្រះយេស៊ូវបានយាងមក ដើម្បីលោះបាបយើង គឺមិនមែនដើម្បីថ្កោលទោសយើង ដោយសារស្ថានភាពដែលយើងកំពុងជួបប្រទះនោះឡើយ។ សព្វថ្ងៃនេះ ព្រះអង្គបានប្រទានសេចក្តីសង្រ្គោះ និងការលើកទឹកចិត្តដល់អស់អ្នក ដែលងាកបែរមករកព្រះអង្គ។—David McCasland