មានពេលមួយខ្ញុំបានទៅស្ទូចត្រីស្រកីខៀវ ជាមួយ លោកហ្រ្វ៊ែង និងលោកថេត ក្នុងបឹងរ៉ាយ ក្នុងរដ្ឋអន់តារីយ៉ូ ប្រទេសកាណាដា។ យើងបានជិះទូកដែលមានផ្ទៃបាតរាបស្មើ ហើយពេលនោះ មានត្រីចឹកនុយខ្លាំង ដូចនេះ យើងបានជក់បិទនុយ និងវាត់សន្ទូច យ៉ាងសប្បាយរីករាយ។ តែក្រោយមក យើងឆ្ងល់ថា ហេតុអ្វីបានត្រីដូចជាមិនសូវចឹកនុយខ្លាំងដូចមុនទៀត។ បន្ទាប់មក យើងក៏បានដឹងថា ទូករបស់យើងបានរសាត់ចេញឆ្ងាយពីកន្លែងដើមរបស់វា ពេលដែលយើងកំពុងរវល់ស្ទូចត្រី។ ខ្យល់បានបក់មកខ្លាំង ធ្វើឲ្យទូកនោះរសាត់ទៅកន្លែងផ្សេង ហើយយុថ្កាដែលយើងបានទម្លាក់ បានអូសកាត់បាតបឹង គឺមិនអាចជួយឲ្យយើងនៅនឹងមួយកន្លែងបានទេ។ យើងក៏លើកវាឡើង ហើយក៏ចែវទូកត្រឡប់មករកកន្លែង ដែលសំបូរត្រីវិញ ហើយក៏ទំលាក់យុថ្កាម្តងទៀត។ តែទូកនៅតែរសាត់ទៅកន្លែងផ្សេងម្តងទៀត។ ហើយបន្ទាប់ពីវារសាត់ជាលើកទីបី យើងក៏បានសម្រេចចិត្តត្រឡប់ទៅមាត់ច្រាំងវិញ ព្រោះយើងមិនអាចបោះយុថ្កាឲ្យជាប់នៅមួយកន្លែងបាន។
បើយើងប្រៀបធៀបរឿងនេះ នឹងសេចក្តីសង្រ្គោះរបស់យើងវិញ នោះយើងឃើញថា យើងបានបោះយុថ្កា ឲ្យសេចក្តីសង្ឃឹមរបស់យើង នៅជាប់ព្រះបន្ទូលសន្យារបស់ព្រះ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ។ ខ្យល់ និងរលកនៃការសង្ស័យ ការបាក់ទឹកចិត្ត និងការវាយប្រហារខាងវិញ្ញាណ ពីវិញ្ញាណអាក្រក់ អាចធ្វើឲ្យយើងគិតថា យើងកំពុងរសាត់អណ្តែត ចេញឆ្ងាយពីសេចក្តីសង្រ្គោះហើយ។ តែនេះមិនមែនជាការពិតទេ! ព្រះបានមានបន្ទូលសន្យាយ៉ាងច្បាស់ថា យើងមិនដែលដាច់ចេញពីសេចក្តីសង្រ្គោះឡើយ ហើយព្រះអង្គមិនដែលនិយាយកុហក់ឡើយ(ហេព្រើ ៦:១៨-១៩)។ សេចក្តីសង្ឃឹមរបស់យើង បានចងភ្ជាប់យ៉ាងជាប់ ក្នុងព្រះយេស៊ូវគ្រីស្ទ ដែលបានប្រោសលោះយើងមួយដងជាសម្រេច ដោយសុគត ហើយមានព្រះជន្មរស់ឡើងវិញ រួចយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ។
យុថ្ការបស់យើងនៅជាប់នឹងព្រះយេស៊ូវ ដែលព្រះអង្គជាថ្មដា មិនចេះរង្គោះរង្គើរឡើយ។ ព្រះអង្គពិតជាបានស្រឡាញ់យើងជានិច្ច ដោយព្រះទ័យមិនចេះប្រែប្រួល។—David Egner