មានមនុស្សជាច្រើនធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ដោយផ្អែកទៅលើចំណុចអវិជ្ជមាន។ បើយើងយល់ថា ថ្ងៃនេះ យើងមានសង្ឃឹមតែ២០ភាគរយ ថាមេឃនឹងភ្លៀង នោះយើងនឹងដាក់ឆ័ត្រឬអាវភ្លៀងតាមខ្លួន តែបើយើងមានសង្ឃឹម៩០%ថា មេឃនឹងមិនភ្លៀងទេ នោះយើងនឹងចេញដំណើរ ដោយមិនខ្លាចទទឹកខ្លួនឡើយ។ កាលណាយើងមានសង្ឃឹមកាន់តែតិច នោះអាកប្បកិរិយ៉ារបស់យើង ក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ ព្រោះយើងចង់សម្រេចចិត្ត ឲ្យបានឆ្លាតវ័យ និងមានជោគជ័យ។
បទគម្ពីរកិច្ចការ ១២:១-៦ បានពិពណ៌នាអំពីសង្ឃឹមដ៏តិចតួច ដែលលោកពេត្រុសអាចរួចជីវិត ពេលដែលគាត់កំពុងជាប់ឃុំ។ នៅវេលាយប់នោះ គាត់ដេកនៅជាកណ្តាលទាហាន២នាក់ “មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន” ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកដែរ(ខ.៦)។ ស្តេច ហេរ៉ូឌបានកាត់ទោសប្រហារជីវិតលោកយ៉ាកុប ដែលស្ថិតក្នុងចំណោមសាវ័កដែលជិតស្និទ្ធនឹងព្រះយេស៊ូវបំផុត ហើយស្តេចអង្គនេះក៏ចង់ឲ្យលោកពេត្រុសមានវាសនាដូចនេះផងដែរ(ខ.១-៣)។ ដូចនេះ គេមិនសង្ឃឹមថា លោកពេត្រុសនឹងបានរួចជីវិត ក្នុងពេលនោះឡើយ។ ប៉ុន្តែ ព្រះបានមានផែនការរំដោះគាត់ ដោយការអស្ចារ្យ ដែលសូម្បីតែអ្នកដែលបានអធិស្ឋានទូលអង្វរឲ្យគាត់ ក៏ពិបាកនឹងជឿថា គាត់អាចរួចខ្លួនដែរ(ខ.១៣-១៦)។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលគាត់បង្ហាញខ្លួន ក្នុងពេលពួកគេជួបជុំគ្នាអធិស្ឋាន។
ព្រះអាចធ្វើការរបស់ព្រះអង្គ ទោះយើងមានសង្ឃឹមតិចយ៉ាងណាក៏ដោយ ព្រោះព្រះអង្គមានគ្រប់អំណាចចេស្តា។ គ្មានការអ្វីដែលពិបាកពេក ដែលព្រះអង្គធ្វើមិនកើតនោះឡើយ។ ព្រះដែលបានស្រឡាញ់យើង ហើយលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា កំពុងតែឃុំគ្រងជីវិតយើង។ ព្រះអង្គអាចបង្ហាញព្រះចេស្តា ក្នុងកាលៈទេសៈធម្មតា ក៏ដូចជាក្នុងស្ថានភាពដែលអស់សង្ឃឹម។ ទោះបីជាយើងកំពុងមានជ័យជម្នះ ឬកំពុងមានទុក្ខព្រួយក៏ដោយ ក៏ព្រះអង្គនៅតែគង់នៅជាមួយយើងជានិច្ច។—David McCasland