បន្ទាប់ពីកញ្ញាហ្គាប៊ី ដូកឡាស(Gabbu Douglas) ដែលជាកីឡាករកាយសម្ព័ន្ធអូឡាំពិក ឈ្នះបានមេដាយមាសពីរ ក្នុងការប្រកួតនៅទីក្រុងឡុង ឆ្នាំ២០១២ នាងបានប្រកាសថា “ព្រះមិនដែលខាងនឹងជួយអ្នកឡើយ។ ព្រះអង្គតែងតែជួយអ្នកជានិច្ច”។ ជួនកាល ការថ្លែងពាក្យពេចន៍ដូចនេះ អាចធ្វើឲ្យគេមានការយល់ច្រឡំ។ ពាក្យសម្តីនេះ អាចធ្វើឲ្យគេយល់ថា បើសិនជាខ្ញុំប្រកួតជាមួយអ្នក ក្នុងកីឡាណាមួយ ហើយខ្ញុំមានជំនួយមកពីព្រះ នោះខ្ញុំមិនអាចបរាជ័យបានឡើយ។ ប៉ុន្តែ បើយើងងាកមកបទគម្ពីរ ទំនុកដំកើង ១១៨:៥-៦ នោះយើងនឹងបានយល់ច្បាស់ថា ពាក្យសម្តីរបស់កញ្ញាហ្គាប៊ី មានន័យដូចម្តេច។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ”។ យើងអាចនិយាយបានម្យ៉ាងទៀតថា “ព្រះអង្គគង់នៅជាមួយយើង”(ខ.៦)។ បានសេចក្តីថា ពេលដែលបញ្ហាចូលមកក្នុងជីវិតយើង ព្រះដែលពេញដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ (ដែល “ស្ថិតស្ថេរជារៀងដរាប”ខ.៤) នឹងតែងតែយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ច ហើយប្រទាននូវការការពារ ដែលយើងត្រូវការ។
យើងអាចរៀនសូត្រ ពីកីឡាករជើងឯកអូឡាំពិករូបនេះ។ ពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ ហើយយើងមានការខ្វះខាត នោះយើងអាចនឹកចាំពាក្យលើកទឹកចិត្តរបស់កញ្ញាហ្កាប៊ី ដែលថា “ព្រះមិនដែលខាននឹងជួយអ្នកឡើយ”។ ពេលដែលទំនាក់ទំនងដែលយើងខំថែរក្សា ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ បានបែកបាក់ នោះក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវដឹងថា យើងត្រូវស្វែងរកជំនួយនៅទីណា ទោះបីជាយើងមានស្ថានភាពបែបណាក៏ដោយ។ “ព្រះអម្ចាស់កាន់ខាងខ្ញុំ”។—Dave Branon