កាលពីពេលកន្លងមក ខ្ញុំបានឃើញផ្ទាំងប្រកាសដ៏ធំមួយ នៅតាមដងផ្លូវ ដែលងាយនឹងឲ្យអ្នកដំណើរឃើញ។ ផ្ទាំងប្រកាស់នោះមានផ្ទៃពណ៌ក្រហម ហើយមានអក្សរធំៗពណ៌សរ ដែលគេសរសេរច្បាស់ៗថា “ឆ្នាំនេះ មនុស្សប្រុសរាប់ពាន់នាក់នឹងស្លាប់ ដោយសារភាពរឹងចចេស”។ ក្រោយមក ខ្ញុំក៏បានដឹងថា ផ្ទាំងប្រកាសនោះ ស្ថិតក្នុងចំណោមផ្ទាំងប្រកាស់រាប់រយផ្ទាំងទៀត និយាយសំដៅទៅលើមនុស្សប្រុសវ័យកណ្តាលជាច្រើននាក់ ដែលមិនព្រមទៅពិនិត្យសុខភាពឲ្យទៀងទាត់ ហើយច្រើនតែស្លាប់ ដោយសារបញ្ហាសុខភាព ដែលខ្លួនអាចការពារបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ជំពូក៣២ ដែលបានចែងអំពីអំពើបាប ដែលជាជម្ងឺខាងវិញ្ញាណ ដែលព្រះអាចព្យាបាលឲ្យជាបាន ពេលដែលយើងទទួលស្គាល់ ដោយចិត្តស្មោះត្រង់ថា យើងពិតជាមានបាបមែន ហើយប្រែចិត្តចេញពីបាបនោះ។ ក្នុងប្រាំខដំបូង បទគម្ពីរនេះបានបង្ហាញអំពីទុក្ខវេទនាដែលកើតឡើង ពេលយើងលាក់ទុកសេចក្តីកំហុសរបស់យើង ហើយបទគម្ពីរនេះក៏បាននិយាយផងដែរ អំពីសេចក្តីអំណរ ដែលយើងនឹងទទួលបាន ពេលដែលយើងសារភាព នៅចំពោះព្រះ ហើយទទួលការអត់ទោសពីព្រះអង្គ។
បទគម្ពីរទំនុកដំកើងនេះក៏បានបង្ហាញផងដែរថា ព្រះអម្ចាស់សព្វព្រះទ័យនឹងឲ្យយើងស្វែងរកជំនួយរបស់ព្រះអង្គ ពេលយើងមានទុក្ខលំបាក(ខ.៦-៨) ហើយទទួលការដឹកនាំពីព្រះអង្គ។ គឺដូចដែលមានសេចក្តីចែងថា “អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់”(ខ.៨)។ ប៉ុន្តែ យើងមិនអាចទទួលការបង្ហាត់បង្រៀនពីព្រះអង្គបានឡើយ ពេលដែលយើងរឹងចចេសមិនព្រមដើរតាមការដឹកនាំរបស់ព្រះអង្គ ហើយមិនព្រមប្រែចិត្តចេញពីអំពើបាប។
ព្រះបន្ទូលរបស់ព្រះអង្គបានជំរុញយើងថា “កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ”(ខ.៩)។ ព្រះអម្ចាស់សព្វព្រះទ័យនឹងឲ្យយើងសម្រេចចិត្ត បន្ទាបខ្លួនសារភាពបាបនៅចំពោះព្រះអង្គ ជាជាងបន្តរស់នៅក្នុងអំពើបាប នោះសេចក្តីមេត្តារបស់ព្រះអង្គព័ទ្ធជុំវិញយើង(ខ.១០)។—David McCasland