នៅសហរដ្ឋអាមេរិក គេបានសង់ផ្លូវបំបែកពិសេស នៅតាមបណ្តាផ្លូវចោទជាច្រើន ដើម្បីកាលណាមានយានយន្តណាដាច់ហ្វ្រាំង ពេលចុះតាមផ្លូវចោទទាំងនោះ អ្នកបើកបរយានយន្តនោះ អាចបើកគេចចូលផ្លូវបំបែកនោះ ដែលជួយបញ្ឈប់យានយន្តដោយសុវត្ថិភាព។ ជាក់ស្តែង មានផ្លូវបំបែកប្រភេទនេះជាច្រើន នៅតាមផ្លូវជាតិលេខ៧៧ ដែលកាត់តាមតំបន់ជួរភ្នំអាផាឡាជិន ក្នុងរដ្ឋវើជីនាខាងលិច។ ផ្លូវបំបែកនោះ មានលក្ខណៈពាក់កណ្តាលជាផ្លូវដី ពាក់កណ្តាលទៀតជាផ្លូវកៅស៊ូ ដែលគេឃើញមាន ក្នុងតំបន់ខ្ពង់រាប ដែលមានកំណាត់ផ្លូវចោទ ដែលចុះពីរយៈកម្ពស់ជិត៤០០ម៉ែត្រ មានប្រវែង៩គីឡូម៉ែត្រ។ ផ្លូវចោទទាំងនោះ មានប្រវែងវែងៗ ហើយបត់បែនចុះឡើងៗ អាចបណ្តាលឲ្យមានបញ្ហា សម្រាប់អ្នកបើកបរយានយន្ត ជាពិសេសឡានកុងតែន័រ ដូចនេះ ក្នុងករណីដាច់ហ្រ្វាំង ពួកគេអាចបត់ចូលតាមផ្លូវបំបែកពិសេសនោះ ដោយមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង។
យ៉ាងណាមិញ យើងក៏ត្រូវការ “ផ្លូវបំបែកពិសេស”ផងដែរ ពេលដែលសេចក្តីប៉ងប្រាថ្នារបស់យើង ធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយគំរាមកំហែងដល់សុខមាលភាពខាងវិញ្ញាណរបស់យើង គឺមិនខុសពីឡានកុងតៃន័រដែលដាច់ហ្វ្រាំង ដែលត្រូវការផ្លូវបំបែកពិសេសនោះឡើយ។ ពេលយើងជួបការល្បួង “នោះព្រះអង្គក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យយើងរាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស ១០:១៣)។ ព្រះជួយឲ្យយើងអាចនិយាយថា “ទេ” ដាក់សេចក្តីល្បួង ដោយអំណាចនៃព្រះបន្ទូលព្រះអង្គ។ ព្រះយេស៊ូវបានប្រើបទគម្ពីរចោទិយកថា (ម៉ាថាយ ៤:៤-១០) ដើម្បីយកជ័យជម្នះលើការល្បួងរបស់សាតាំង ដែលទាក់ទងនឹងអាហារ អំណាច និងការទុកចិត្ត។ ដូចនេះ ព្រះអង្គបានប្រើបទគម្ពីរ ដើម្បីតទល់នឹងអារក្ស ទោះបីជាព្រះអង្គកំពុងទទួលរងផលប៉ះពាល់ ពីការតមអាហារអស់៤០ថ្ងៃ ក្នុងវាលរហោស្ថានក៏ដោយ។
ពេលដែលយើងជួបការល្បួង យើងប្រហែលជាមានអារម្មណ៍ថា គ្រោះមហន្តរាយហាក់ដូចជានៅជិតបង្កើយ។ អារម្មណ៍បែបនេះ អាចមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង ដោយសារភាពឯកកោ និងដោយសារការគិតអំពីបរាជ័យ ដែលខ្លួនធ្លាប់មានកាលពីមុន។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែអាចទុកចិត្តព្រះ ពេលជួបការល្បួង ដ្បិតព្រះអង្គនៅតែស្មោះត្រង់ជានិច្ច។ ព្រះអង្គនឹងប្រទានផ្លូវសម្រាប់ឲ្យយើងជម្នះការល្បួងនៃអំពើបាប។—Jennifer Benson Schuldt