ថ្មីៗនេះ ខ្ញុំបាននិពន្ធអត្ថបទមួយ ស្តីអំពីម៉ាលីន(Mar-lene)ភរិយារបស់ខ្ញុំ និងអំពីការដែលនាងតយុទ្ធនឹងរោគវិលមុខ។ ពេលដែលខ្ញុំចែកផ្សាយអត្ថបទមួយនេះ ខ្ញុំមិនបាននឹកស្មានសោះថា មានការឆ្លើយតបដ៏ច្រើនសណ្ឋិក ពីសំណាក់អ្នកអាចជាច្រើន ដែលបានផ្តល់ការលើកទឹកចិត្ត ជំនួយ យោបល ហើយពួកគេភាគច្រើនយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់នាង។ ខ្ញុំបានទទួលការឆ្លើយតបទាំងនោះ មកពីគ្រប់ទិសទីក្នុងពិភពលោក គឺទទួលបានពីមនុស្សគ្រប់ប្រភេទ។ មានមនុស្សកាន់តែច្រើនឡើងៗ បានបង្ហាញចេញនូវការយកចិត្តទុកដាក់ ដោយសេចក្តីស្រឡាញ់ ចំពោះភរិយារបស់ខ្ញុំ បានជាយើងមិនអាចឆ្លើយតបទៅពួកគេវិញ ឲ្យបានគ្រប់គ្នា។ យើងមានចិត្តរំភើបរីករាយឥតឧបមារ ពេលដែលបានឃើញរូបកាយព្រះគ្រីស្ទ ឆ្លើយតបចំពោះការតយុទ្ធរបស់ម៉ាលីន យ៉ាងដូចនេះ។ យើងនៅតែមានការដឹងគុណ ដ៏ជ្រាលជ្រៅជានិច្ច ចំពោះសណ្តានចិត្តរបស់ពួកគេ។
នេះហើយជារបៀបដែលរូបកាយព្រះគ្រីស្ទ គួរតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនោះ។ ការយកចិត្តទុកដាក់ ដោយសេចក្តីស្រឡាញ់ ចំពោះបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ គឺជាភស្តុតាង ដែលបញ្ជាក់ថា យើងបានពិសោធនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គហើយ។ ជាក់ស្តែង ពេលដែលព្រះអង្គជួបជុំជាមួយពួកសាវ័ក ក្នុងពិធីលៀងព្រះអម្ចាស់ ព្រះអង្គបានប្រាប់ពួកគេថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។
ខ្ញុំ និងភរិយារបស់ខ្ញុំបានពិសោធនឹងគំរូនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដូចព្រះគ្រីស្ទ ក្នុងសំបុត្រដែលយើងបានទទួល។ សូមយើងបង្ហាញសេចក្តីស្រឡាញ់ប្រភេទនេះ ចំពោះអ្នកដទៃផងដែរ ដោយជំនួយពីព្រះសង្រ្គោះនៃយើង និងដើម្បីសរសើរដំកើងព្រះអង្គ។—Bill Crowder