
ពិតឥតក្លែងក្លាយ
ដោយDave Branon
August 31, 2015
នៅសហរដ្ឋអាមេរិក ជួនកាល ចៅៗអាចទទួលផលចំណេញកប់ក្តោង ពីការបោសសម្អាតបន្ទប់តូចរបស់ជីតាខ្លួន។ រឿងនេះបានកើតឡើងចំពោះបុរសម្នាក់ ក្នុងរដ្ឋអូហៃយ៉ូ នៅពេលដែលគាត់បានបោសសម្អាតបន្ទប់តូចរបស់ជីតាគាត់ ហើយរកឃើញកាតកីឡាវាយកូនបាល់បេសប៊លដ៏ចំណាស់មួយឈុត ដែលមានអាយុ១០០ឆ្នាំ។ អ្នកវាយតម្លៃបានប្រាប់គាត់ថា កាតមួយឈុតនោះមានតម្លៃប្រហែល៣លានដុល្លា។ បានជាកាតទាំងនោះមានតម្លៃខ្ពស់យ៉ាងនេះ គឺដោយសារកាតទាំងនោះត្រូវបានគេរក្សាទុកបានល្អ ហើយជាងនេះទៅទៀត កាតទាំងនោះជាកាតពិត។ បើកាត់ទាំងនោះ ជាកាតក្លែងក្លាយ ឬចម្លង នោះពួកវាមានតម្លៃមិនស្មើនឹងក្រដាសរឹងមួយសន្លឹកផង ទោះបីជាកាតទាំងនោះស្អាតយ៉ាងណាក៏ដោយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីបង្រៀនរបស់សាវ័កប៉ុល អំពីតម្លៃដ៏ពិតនៃជំនឿរបស់គ្រីស្ទបរិស័ទ។ គាត់បានមានប្រសាសន៍ថា ជំនឿរបស់យើងនឹងមិនមានតម្លៃអ្វីសោះឡើយ បើសិនជាព្រះគ្រីស្ទពិតជាមិនបានមានព្រះជន្មឡើងវិញទេនោះ។ សាវ័កប៉ុលមានចិត្តក្លាហាន និងបានទុកចិត្តលើផែនការរបស់ព្រះ បានជាគាត់អាចមានប្រសាសន៍ថា “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(១កូរិនថូស ១៥:១៤) ហើយ “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ”(ខ.១៧)។ សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ គឺផ្អែកទៅលើការពិតដែលបានបញ្ជាក់ថា ព្រះយេស៊ូវបាន សុគត នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ។ ចូរយើងសរសើរដំកើងព្រះ ដែលបានប្រទាននូវភស្តុតាង ដែលបញ្ជាក់ថា ព្រះយេស៊ូវពិតជាបានសុគត និងរស់ឡើងវិញមែន(ខ.៣-៨)។ នេះជាសេចក្តីពិត ដែលឥតមានការក្លែងបន្លំឡើយ បានជាយើងអាចផ្ញើរជោគវាសនាដ៏អស់កល្បរបស់យើង ហើយអាចពឹងផ្អែកលើព្រះទាំងស្រុង ដោយផ្អែកទៅលើសេចក្តីពិតនេះ។—Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ … ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង។—១កូរិនថូស ១៥:៤-៦