តើថ្ងៃទី៤ ខែកញ្ញា មានអ្វីពិសេស? បើថ្ងៃនេះជាថ្ងៃខួបកំណើត ឬខួបអាពាហ៍ពិពាហ៍របស់អ្នក នោះថ្ងៃនេះអាចជាថ្ងៃពិសេសហើយ។ សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក ថ្ងៃនេះប្រហែលជាថ្ងៃបុណ្យជាតិ ដែលគេចង់រំឭក អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ឧទាហរណ៍ ក្នុងឆ្នាំ១៧៨១ ទីក្រុងឡូស អែនជិឡេស នៅរដ្ឋកាលីហ្វូញ៉ា ត្រូវបានបង្កើតឡើង ក្នុងថ្ងៃនេះឯង។ ពុំនោះទេ នៅថ្ងៃនេះ ក្នុងឆ្នាំ ១៩៩៣ មានព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ពេលដែលលោក ជីម អេបបត់ (Jim Abbott) ជាអ្នកគប់បាល់បេសប៊លឲ្យក្រុម ញូយ៉ក យែងឃីស៍ បានគប់បាល់ជាច្រើនគ្រាប់ ដោយមិនឲ្យគូប្រកួតវាលត្រូវបាល់សូម្បីតែមួយគ្រាប់ ហើយគាត់ជាជនពិការ ដែលកំបុតដៃស្តាំតាំងពីកំណើត។ ហើយសម្រាប់អ្នកដែលចូលចិត្តមើលទូរទស្សន៍ នៅអាមេរិកវិញ ក្នុងឆ្នាំ ១៩៥១ មានការផ្សាយទូរទស្សន៍បន្តផ្ទាល់លើកដំបូង ជាប្រវត្តិសាស្រ្ត ចេញពីទីក្រុង សាន់ហ្វ្រាន់ ស៊ីស្កូ។
ប៉ុន្តែ បើព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងអស់នេះ ដែលបានកើតឡើងនៅថ្ងៃទី៤កញ្ញា មិនមានអ្វីពិសេសសម្រាប់អ្នកទេ នោះសូមសាកល្បងពិចារណាអំពីសេចក្តីដែលមានដូចតទៅ :
នៅថ្ងៃនេះ ព្រះប្រទានឲ្យអ្នកមានឱកាសថ្មីមួយទៀត ដើម្បីសរសើរដំកើងព្រះអង្គ។ បទគម្ពីរទំនុកដំកើង ១១៨:២៤ បានចែងថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។”
នៅថ្ងៃនេះ ព្រះទ្រង់ផ្គត់ផ្គង់អ្នក ហើយសព្វព្រះទ័យឲ្យអ្នកទុកចិត្តព្រះអង្គ។ គឺដូចដែលយើងត្រូវអធិស្ឋានថា “សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ នៅថ្ងៃនេះ”(លូកា ១១:៣)។
នៅថ្ងៃនេះ ព្រះសព្វព្រះទ័យនឹងមានព្រះបន្ទូលមកកាន់អ្នក តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ គឺដូចដែលមានសេចក្តីចែងមកថា ពួកអ្នកជឿនៅក្រុងបេរា “ពិចារណាមើលគម្ពីររាល់តែថ្ងៃ” (កិច្ចការ ១៧:១១)។
នៅថ្ងៃនេះ ព្រះសព្វព្រះទ័យនឹងកែមនុស្សខាងក្នុងរបស់យើងជាថ្មីឡើងវិញ។ គឺដូចដែលបទគម្ពីរ ២កូរិនថូសបានចែងថា “មនុស្សខាងក្នុងកំពុងតែកែប្រែជាថ្មីឡើង រាល់ថ្ងៃជានិច្ច”។
ដោយមានព្រះធ្វើជាអ្នកដឹកនាំផ្លូវរបស់យើង នោះថ្ងៃទី៤កញ្ញា ក៏ដូចជារាល់ថ្ងៃ សុទ្ធតែអាចជាថ្ងៃពិសេសរបស់យើងទាំងអស់។ —Dave Branon