ជិតស្កប់ចិត្តមែនទេ?

ពេលដែល​​ខ្ញុំបោះ​ជំហា​នដើ​រ​ចូល​​កន្លែង​ច​តរ​ថយន្ត របស់​​ភោជនីយ​ដ្ឋាន​ បន្ទាប់​ពីញាំ​អាហារ​ថ្ងៃត្រ​ង់ហើ​យ ខ្ញុំក៏​​បាន​ឃើញ​រថ​យន្ត​ភិក​អាប់ ​មួយ​គ្រឿង​ កំពុង​តែបោះ​ពួ​យ​យ៉ាង​លឿន​​កាត់​តាម​ចំណត ដែល​រថយន្ត​ជា​ច្រើន​កំពុងច​ត​នៅទី​នោះ។ ខណៈពេល​ដែ​ល​​ខ្ញុំកំ​ពុងសង្កេត​មើល​អ្នក​បើកបរ​ដែល​គ្មាន​ការប្រុ​ង​ប្រយ័ត្ន​នេះ ខ្ញុំ​ក៏​កត់​សំគាល់​ឃើញ​​ថា ពីលើ​ស្លាក​លេខ​ខាង​មុខ​របស់​រថយន្ត​​នោះ មាន​អក្សរ​សរសេរ​ថា “ជិត​ស្កប់​ចិត្ត”។ ខ្ញុំ​ក៏បានគិ​ត​ថា តើ​ពាក្យ​មួ​យ​​ឃ្លានេះ ​ចង់​មានន័​យ​ថាដូ​ចម្តេ​ច។ បន្ទាប់​មក ​ខ្ញុំ​ក៏បា​នសន្និ​ដ្ឋាន​ថា ពាក្យ​ថា “ជិតស្ក​ប់ចិត្ត” ជាពា​ក្យមិ​ន​ពិត។ មនុស្ស​យើង​មាន​ពេលដែល​ស្កប់ចិត្ត ឬ​​មិ​នស្កប់ចិត្ត​តែ​ម្ដង តែយើ​ងមិ​នដែ​ល​ជិត​ស្កប់​ចិត្ត​ឡើយ។

ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​ស្កប់​ចិត្ត​ មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ។ យើង​កំពុង​រស់​​​នៅ​​ក្នុង​លោកីយ៍មួ​យ ដែល​ចេះតែបំពេញ​សេចក្តី​ប៉ង​​ប្រាថ្នា​ផ្ទាល់​ខ្លួន​ ថែម​ហើយ​ថែម​ទៀត បា​ន​ជាយើង​ស្ទើរ​តែ​មិន​​អាច​ស្កប់​ចិត្ត​ នឹង​ការ​អ្វីមួយបា​ន​ឡើយ។ តែ ​រឿងនេះ​មិន​មែ​នទើ​ប​តែកើ​តមា​នក្នុ​ង​ស​ម័យយើ​ងនេះ​ទេ។ កណ្ឌគម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​អំពី​​បញ្ហា​នេះ យ៉ាង​ដូច​នេះថា​ “ចូរ​ឲ្យ​កិរិយា​​ដែ​លអ្ន​ករា​ល់គ្នា​ប្រព្រឹ​ត្ត     បាន​ឥត​លោភ​ឡើយ   ឲ្យ​ស្កប់​ចិត្តនឹង​​របស់​​​ដែល​​មានហើ​យប៉ុ​ណ្ណោះ​ចុះ ដ្បិតទ្រ​ង់​​មា​នព្រះបន្ទូល​ថា អញ​នឹ​ង​​មិនចាកចេ​ញពីឯ​ង ក៏​​មិនបោះ​បង់​ចោ​លឯ​ងឡើ​យ”(១៣:៥)។

ដើម្បី​ជម្នះ​ចិត្ត​ដែល “ចេះតែ​ច​ង់បា​ន​អ្វីៗ​​ទាំងអស់” យើងត្រូ​វ​ស្វែងរ​ក​ការ​ស្កប់ចិត្ត​ ដែល​មាន​នៅក្នុ​ង​​ព្រះ​វត្តមា​ន​នៃ​ព្រះ​ដ៏មាន​ព្រះ​ជន្ម​រស់។ ព្រះអ​ង្គអា​ច​បំពេញ​សេចក្តី​ត្រូវ​ការ​ និ​ងការចង់​​​បាន​​របស់​យើង យ៉ាងគ្រ​ប់គ្រា​ន់ ហើយមាន​តែ​ព្រះអង្គ​ទេ ដែលអា​ច​ឲ្យយើ​ងមានសន្តិ​ភាព​ក្នុង​ចិត្ត និង​ការ​ស្កប់​ចិត្ត ដែល​យើង​មិន​អាច​រក​បា​ន ក្នុង​ការ​ដេញ​តាម​អ្វី​ៗ ក្នុង​ជីវិត​នេះ។

តើ​យើង​ជិត​ស្កប់ចិ​ត្ត​ហើយមែ​នទេ​? ទេ នេះ​ជារឿ​ង​ដែល​មិន​ដែ​ល​កើត​មាន​ឡើយ។ នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​អាចស្គាល់ការ​ស្កប់​ចិត្ត​ដ៏​ពិត​បាន។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles