នាពេលល្ងាចដ៏ស្រទន់មួយ ក្នុងរដូវស្លឹកឈើជ្រុះ នៅពេលផ្ទៃមេឃងងឹត ហើយព្រះច័ន្ទពេញវង់កំពុងបញ្ចេញរស្មី មនុស្សរាប់ពាន់នាក់ នៅឯទីក្រុងហ្គ្រែន រេភីត ដែលជាស្រុកកំណើតរបស់ខ្ញុំ បានប្រមូលផ្ដុំគ្នាតាមមាត់ទន្លេ ដើម្បីអុចគោមបង្ហោះ។ ពួកគេបានបង្ហោះគោមទៅលើមេឃងងឹត ហើយនាំគ្នាគយគន់ពន្លឺភ្លើងគោមហោះឡើង ទៅចូលរួមនឹងដួងច័ន្ទ នៅក្នុងការបញ្ចេញសម្រស់ ដែលបានធ្វើឲ្យផ្ទៃមេឃនាពេលរាត្រី ប្រែក្លាយទៅជាស្នាដៃសិល្បៈដែលបញ្ចេញពន្លឺភ្លឺផ្លេក។
ពេលខ្ញុំបានមើលរូបថតដែលបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃព្រឹត្តិការណ៍យប់នោះ ខ្ញុំមានការសោកស្ដាយ ដែលពេលនោះខ្ញុំមិនបាននៅក្នុងក្រុង ដើម្បីទស្សនាព្រឹត្តិការណ៍នោះ ដោយផ្ទាល់ភ្នែក។ ប៉ុន្តែ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានដឹងថា អ្វីដែលបានកើតឡើងនៅទីនោះ ប្រៀបបាននឹងនិមិត្តរូបនៃសន្និសិតមួយដែលខ្ញុំចូលរួម នៅឯទីក្រុងញូយ៉ក។ មានមនុស្សជាង ១ពាន់នាក់ មកពីទីក្រុងចំនួន១០០ នៅទូទាំងពិភពលោក បានមកជួបជុំគ្នានៅទីនោះ ដើម្បីរៀបចំផែនការបង្កើត “ស្នាដៃសិល្បៈមួយ” ស្ដីអំពីរបៀបបំភ្លឺទីងងឹតនៅឯទីក្រុងរបស់ពួកគេ តាមរយៈការដាំពួកជំនុំ និងការឈោងចាប់មនុស្សរាប់ពាន់នាក់ ដោយដំណឹងល្អនៃព្រះគ្រីស្ទ ដែលជាពន្លឺសម្រាប់លោកីយ៍។
ក្នុងគ្រាសញ្ញាចាស់ លោកហោរាដានីយ៉ែល បានកត់ត្រាអំពីសម័យមួយ ដែលពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យងាកមករកព្រះអម្ចាស់ នឹងបានភ្លឺដូចជាអស់ទាំងផ្កាយ នៅជាដរាបតទៅ(ដានីយ៉ែល ១២:៣)។ យើងសុទ្ធតែអាចចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ។ នៅពេលយើងបញ្ចេញពន្លឺនៃព្រះគ្រីស្ទ នៅក្នុងទីងងឹត ដែលយើងរស់នៅ និងធ្វើការ នោះព្រះអង្គនឹងបំភ្លឺពេលរាត្រី ដោយពន្លឺនៃអស់ទាំងផ្កាយដែលមិនចេះរលត់ឡើយ។—Julie Ackerman Link