ខណៈដែលខ្ញុំកំពុងដើរលេង កាត់តាមអាកាសយាន្តដ្ឋាន អូ ហ៊ែរ នៃទីក្រុងឈិកាហ្គោ ខ្ញុំបានចាប់អារម្មណ៍នឹងមួកមួយ ដែលមនុស្សម្នាក់បានពាក់ ខណៈពេលដែលគាត់ប្រញាប់ប្រញាល់ធ្វើដំណើរ កាត់ទីលានក្នុងអាកាសយាន្តដ្ឋាន។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ របស់ខ្ញុំនោះ គឺពាក្យពីរបីម៉ាត់ ដែលគេសរសេរនៅលើមួកនោះថា : “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។ ពេលនោះខ្ញុំឆ្ងល់ ថាពាក្យនោះ មានន័យដូចម្ដេច។ តើយើងត្រូវបដិសេធមិនទទួលកំហុសរបស់យើងឬ? ឬក៏បដិសេធមិនព្រមទទួលភាពសប្បាយរីករាយ និងភាពស្ដុកស្ដម្ភក្នុងជីវិតនេះ? ខ្ញុំក៏អេះក្បាល ទាំងឆ្ងល់អំពីអាថ៌កំបាំងនៃពាក្យដ៏សាមញ្ញនោះ ដែលគេបានសរសេរថា “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។
មានពេលមួយ សិស្សរបស់ព្រះយេស៊ូវម្នាក់ គឺលោកស៊ីម៉ូន-ពេត្រុស ក៏បានធ្វើការបដិសេធន៍។ ពេលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ គាត់បានបដិសេធបីដង ថាមិនដែលស្គាល់ព្រះយេស៊ូវទេ!(លូកា ២២:៥៧,៥៨,៦០)។ ការដែលគាត់បានបដិសេធព្រះយេស៊ូវ ដោយសារការភ័យខ្លាចនោះ បានបណ្ដាលឲ្យគាត់ប្រកាន់ទោសខ្លួនឯង និងមានការឈឺចាប់ណាស់ ហើយដោយព្រោះតែកំហុសខាងព្រលឹងវិញ្ញាណនេះ គាត់ក៏បានចេញទៅក្រៅ ហើយទួញយំម្នាក់ឯង(ខ.៦២)។ ប៉ុន្តែការបដិសេធន៍ដែលពេត្រុសមានចំពោះព្រះយេស៊ូវ ក៏ដូចជាការបដិសេធន៍ខាងឯព្រលឹងវិញ្ញាណរបស់យើង មិនអាចកាត់បន្ថយសេចក្តីមេត្តាករុណារបស់ព្រះឡើយ។ លោកហោរាយេរេមា បានសរសេរថា “ដោយសារសេចក្តីសប្បុរសនៃព្រះយេហូវ៉ា នោះយើងមិនបានសូន្យបាត់អស់រលីងឡើយ ពីព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់”(បរិទេវ ៣:២២-២៣)។ យើងអាចសង្ឃឹមជានិច្ចថា សូម្បីតែនៅពេលដែលយើងបរាជ័យក៏ដោយ ក៏ព្រះដ៏ស្មោះត្រង់នៃយើង នៅតែយាងមករកយើង ដោយសេចក្តីមេត្តា និងក្តីអាណិត ដែលមិនចេះផុតឡើយ!–Bill Crowder