នៅតំបន់ដែលខ្ញុំរស់នៅ ព្រះអម្ចាស់បានប្រទានពរឲ្យខ្ញុំ បានមើលទស្សនីយភាពដ៏គួរឲ្យពេចពិលរមិលមើល ដែលបង្ហាញចេញនូវសិរីល្អរបស់ព្រះ តាមរបៀបដ៏ប៉ិនប្រសប់។ ថ្មីៗនេះ ពេលខ្ញុំបើកបររថយន្តកាត់តាមព្រៃព្រឹក្សា ខ្ញុំមានចិត្តរំភើបណាស់ ពេលបានឃើញសម្រស់ដ៏ស្រស់បំព្រងនៃស្លឹកឈើពណ៌ក្រហម និងពណ៌លឿង ដែលបានតុបតែងលម្អរកាយដើមឈើ នៃរដូវស្លឹកឈើជ្រុះ ដែលសុទ្ធតែត្រូវបានរៀបចំយ៉ាងវិចិត្រ ឲ្យស៊ីនឹងផ្ទៃមេឃពណ៌ខៀវដ៏ភ្លឺថ្លានៅខាងក្រោយ។
ហើយមិនយូរប៉ុន្មាន នៅពេលដែលសីតុណ្ហភាពបានធ្លាក់ចុះ ហើយរដូវរងាក៏ចូលមកដល់ ខ្ញុំនឹងបាននឹកចាំថា គ្រាប់ព្រិលល្អិតៗ ដែលធ្លាក់ចុះមក បានគរលើគ្នា បង្កើតបានជាទួលតូចធំជាច្រើន ក្នុងទីវាលដ៏សក្បុស។ បន្ទាប់មក ក៏មានការអស្ចារ្យនៃរដូវផ្ការីក នៅពេលដែលរុក្ខជាតិដែលហាក់ដូចជាស្លាប់ ទាំងអស់សង្ឃឹម ក្នុងរដូវរងា បានប្រែជាមានជីវិតឡើងវិញ ដោយចេញពន្លក និងមានផ្ការីកឡើង ធ្វើឲ្យទីវាលប្រែកា្លយជាមានផ្កាចម្រុះពណ៌ដ៏ច្រើនស្អេកស្កះ ។
នៅទីកន្លែងណាក៏ដោយ ឲ្យតែយើងមើលទៅពិភពលោកនៅជុំវិញខ្លួនយើង នោះយើងនឹងឃើញភស្ដុតាងដែលបញ្ជាក់ថា “ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់!”(អេសាយ ៦:៣)។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថា ស្នាព្រះហស្តដែលព្រះបានបង្កើតមក នៅជុំវិញយើង សុទ្ធតែមានការខូចខាត ដោយសារអំពើបាប(រ៉ូម ៨:១៨-២២) ប៉ុន្តែ ព្រះទ្រង់នៅតែទតឃើញ ហើយសព្វព្រះទ័យនឹងរចនាទេសភាពដែលបានធ្លាក់ក្នុងអំពើបាបនោះ ឲ្យមានសម្រស់ឡើងវិញ ដោយព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះអង្គ។ ការនេះបានជួយរំឭកយើង ជារៀងរាល់ថ្ងៃថា សម្រស់នៃព្រះគុណរបស់ព្រះអង្គ បានគ្របបាំងអំពើបាបរបស់យើង ហើយថាសេចក្តីស្រឡាញ់របស់ព្រះអង្គ តែងតែមានសម្រាប់យើងជានិច្ច។—Joe Stowell