ក្មេងៗខ្លះចូលចិត្តនិយាយអួត អំពីប៉ារបស់ខ្លួន។ បើសិនជាលោកអ្នកផ្ទៀងត្រចៀកស្តាប់ការសន្ទនា នៅក្នុងតំបន់ដែលពួកគេរស់នៅ នោះលោកអ្នកប្រហែលឮក្មេងៗនិយាយគ្នាថា “ប៉ារបស់ខ្ញុំធំជាងប៉ារបស់ឯង!” ឬថា “ប៉ារបស់ខ្ញុំឆ្លាតជាងប៉ារបស់ឯង!” ប៉ុន្តែ ការអួតដែលខ្លាំងបំផុតនោះគឺ “ប៉ារបស់ខ្ញុំខ្លាំងជាងប៉ារបស់ឯង!” ជាធម្មតា ការអួតនេះមានលក្ខណៈជាការព្រមានថា បើអ្នកចង់ធ្វើបាបវា នោះវានឹងឲ្យប៉ារបស់វាមកការពារវា ដែលសូម្បីតែប៉ារបស់អ្នកក៏មិនអាចជួយអ្នកឡើយ!
ការជឿថា ឪពុករបស់អ្នកជាមនុស្សខ្លាំងជាងគេ នៅម្ដុំផ្ទះរបស់អ្នក អាចនាំឲ្យអ្នកមានទំនុកចិត្តច្រើន ពេលជួបគ្រោះថ្នាក់។ ហេតុនេះហើយបានជាខ្ញុំចូលចិត្តការពិតដែលថា ព្រះដ៏ជាព្រះវរបិតារបស់យើង មានគ្រប់ព្រះចេស្ដា។ នោះមានន័យថា គ្មានអ្នកណាម្នាក់អាចប្រកួតជាមួយនឹងកម្លាំង និងអំណាចរបស់ព្រះអង្គបានឡើយ។ ហើយដែលពិសេសជាងនេះទៅទៀតនោះ គឺវាមានន័យថា យើងបាន “ជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា”(ទំនុកដំកើង ៩១:១)។ ហេតុនេះហើយបានជា អ្នកនិពន្ធទំនុកដំកើងអាចនិយាយយ៉ាងមានទំនុកចិត្តថា គាត់នឹងមិន “ភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ” (ខ.៥)។
ទោះបីជាថ្ងៃនេះ យើងមានបញ្ហាអ្វីខ្លះក៏ដោយ ក៏យើងមិនត្រូវភ្លេចទេថា ព្រះរបស់យើង ទ្រង់ខ្លាំងជាងអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នក។ ដូច្នេះ ចូរទុកចិត្តលើព្រះអង្គចុះ! ម្លប់នៃព្រះវត្តមានរបស់ព្រះអង្គ គឺជាការធានាថា អំណាចរបស់ព្រះអង្គអាចបង្វែរ សូម្បីតែជាស្ថានភាពអាក្រក់បំផុត ឲ្យទៅជាល្អវិញ។—Joe Stowell