កាលពីពេលកន្លងទៅ ខ្ញុំនិងចេនណែត(Janet) ភរិយារបស់ខ្ញុំ បានទិញសាច់គោខ្លះ ពីមិត្តភក្តិម្នាក់ដែលចិញ្ចឹមគោ ក្នុងកសិដ្ឋានតូចមួយ។ វាមានតម្លៃថោកជាងសាច់គោ ដែលគេលក់នៅតាមហាង ហើយយើងក្លាសេវា ក្នុងទូរទឹកកក សម្រាប់ប្រើវា ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខទៀត។
បន្ទាប់មក មានព្យុះរន្ទះដ៏អាក្រក់មួយ បានកាត់ផ្ដាច់អគ្គីសនីទូទាំងតំបន់របស់យើង។ ក្នុងរយៈពេល២៤ម៉ោងដំបូង យើងមានទំនុកចិត្តថា ទូរទឹកកករបស់យើងអាចរក្សាសាច់ឲ្យនៅកកបាន មួយរយៈពេលទៀត។ ប៉ុន្តែ ក្នុងថ្ងៃទីពីរ នៅតែគ្មានដំណឹងថា យើងនឹងមានអគ្គីសនីប្រើប្រាស់ឡើងវិញ ដូចនេះ យើងក៏ចាប់ផ្ដើមមានការបារម្ភ។
យើងក៏បានទាក់ទងលោក ថេដ(Ted) ដែលជាសមាជិកម្នាក់ក្នុងក្រុមសិក្សាព្រះគម្ពីររបស់យើង ដើម្បីសុំយោបលពីគាត់។ គាត់ក៏បានលុបចោលការណាត់ជួបរបស់គាត់ ហើយបានបង្ហាញខ្លួននៅមុខមាត់ទ្វារផ្ទះរបស់យើង ដោយមានម៉ាស៊ីនភ្លើងមកជាមួយផង ដើម្បីផ្ដល់អគ្គីសនីសម្រាប់ទូរទឹកកកយើង។ យើងអរព្រះគុណព្រះអង្គខ្លាំងណាស់ ដែលលោកថេដបានជួយយើង ហើយយើងដឹងថា នោះគឺដោយព្រោះតែសេចក្តីស្រឡាញ់ដែលគាត់មានចំពោះព្រះគ្រីស្ទ។
មានពាក្យចាស់មួយពោលថា “មិត្តសំឡាញ់នៅគ្រាមានទុក្ខ គឺជាមិត្តសំឡាញ់ពិត”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ តើពាក្យស្លោកនេះ មានន័យយ៉ាងណាដែរ? លោកយ៉ូហានរំឭកយើង នៅក្នុងបទគម្ពីរ ១យ៉ូហាន ៣:១៨ ថា “ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្តី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ”។ ពេលខ្លះ ការនេះមានន័យថា យើងត្រូវលះបង់ភាពសុខស្រួលរបស់ខ្លួន ដើម្បីគិតពីផលប្រយោជន៍របស់អ្នកដទៃ ឬទទួលជំនួយនោះ នៅពេលដែលយើងកំពុងមានការខ្វះខាត។
ដោយសារការទាំងអស់ ដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង នោះយើងមានពរណាស់ ដែលបានធ្វើជាដៃ និងជាជើងរបស់ព្រះអង្គ ក្នុងការបង្ហាញសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។—Dennis Fisher