ពេលខ្ញុំមើលទៅខាងក្រៅបង្អួចការិយាល័យ ខ្ញុំឃើញសត្វកំប្រុក កំពុងតែប្រញាប់ប្រមូលផ្លែសែនរបស់ពួកវា ទៅកប់ទុកក្នុងកន្លែងសុវត្ថិភាព ដែលពួកវាអាចចេញចូលបាន ឲ្យបានមុនពេលរដូវរងាមកដល់។ កាយវិការរហ័សរហួន និងបញ្ចេញសម្លេងចេចៗរបស់ពួកវា បានធ្វើខ្ញុំមានការកម្សាន្តសប្បាយ។ ពេលដែលសត្វក្តាន់មួយហ្វូងនាំគ្នាចូលមកស៊ីស្មៅនៅក្រោយផ្ទះខ្ញុំ ពួកវាមិនបានបញ្ចេញសម្លេងអ្វីឡើយ តែសត្វកំប្រុកតែមួយក្បាល បានធ្វើឲ្យមានសម្លេងដូចសង្រ្គាមឈ្លានពានអញ្ចឹង។ សត្វទាំងពីរប្រភេទនេះ មានលក្ខណៈខុសគ្នាមួយទៀត។ សត្វក្តាន់មិនត្រៀមចំណីសម្រាប់រដូវរងាទេ។ ពេលណាមានព្រឹលធ្លាក់ចុះមក ពួកវាស៊ីអ្វីក៏ដោយ ឲ្យតែពួកវាអាចរកបាន នៅតាមផ្លូវរបស់វា(ដែលរួមទាំងគុម្ពផ្កាដែលដុះក្នុងទីធ្លាផ្ទះខ្ញុំផងដែរ)។ តែបើឲ្យសត្វកំប្រុកធ្វើដូចនេះដែរ នោះពួកគេមុខជាដាច់ពោះស្លាប់ មិនខានទេ ព្រោះពួកវានឹងមិនអាចរកឃើញអាហារ ដែលពួកវាអាចស៊ីបាន ក្នុងរដូវរងាឡើយ។
សត្វក្តាន់ និងសត្វកំប្រុកដំណាងឲ្យរបៀបដែលព្រះមើលថែរយើងរាល់គ្នា។ ព្រះអង្គប្រទានលទ្ធភាពឲ្យយើងអាចធ្វើការ និងមានការសន្សំសម្រាប់ពេលអនាគត ហើយព្រះអង្គបំពេញសេចក្តីត្រូវការយើង ពេលដែលធនធានមានការខ្វះខាត។ គឺដូចដែលព្រះគម្ពីរនៃប្រាជ្ញាបានបង្រៀនយើងថា ព្រះប្រទានឲ្យយើងមានភោគផលច្រើន ដើម្បីឲ្យយើងអាចត្រៀមខ្លួន សម្រាប់ពេលដែលខ្វះខាត(សុភាសិត ១២:១១)។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក២៣ បានចែងថា ព្រះអម្ចាស់ដឹកនាំយើង កាត់តាមកន្លែងគ្រោះថ្នាក់ ទៅរកវាលស្មៅខៀវខ្ចី។ ហើយព្រះអង្គផ្គត់ផ្គង់យើង តាមរបៀបមួយទៀត គឺដោយបង្រៀនអ្នកដែលមានទ្រព្យច្រើន ឲ្យចេះចែកដល់អ្នកដែលខ្វះខាត(ចោទិយកថា ២៤:១៩)។
សរុបមក ទាក់ទងនឹងការផ្គត់ផ្គង់របស់ព្រះ ព្រះគម្ពីរបានបង្រៀនដូចនេះថា ចូរធ្វើការ ពេលដែលយើងអាចធ្វើការ ចូរសន្សំពេលយើងអាចសន្សំ ចូរចែកដល់អ្នកដទៃ ពេលដែលយើងអាចចែករំលែកឲ្យគេ ហើយចូរទុកចិត្តថា ព្រះនឹងបំពេញសេចក្តីត្រូវការរបស់យើង។—Julie Ackerman Link