
ជំពូកចុងក្រោយ
ដោយDavid H. Roper
October 29, 2015
មិត្តភ័ក្ររបស់ខ្ញុំម្នាក់មានទម្លាប់អានសៀវភៅ តាមរបៀបចម្លែកខុសគេ។ ពេលនាងអានសៀវភៅរឿងប្រលោមលោកបែបរន្ធត់ នាងចូលចិត្តអានជំពូកចុងក្រោយមុនគេ។ នាងប្រាប់ខ្ញុំថា មូលហេតុដែលនាងមានទម្លាប់អានដូចនេះ គឺដោយសារនាង “មិនចង់មានចិត្តថប់បារម្ភ នៅក្នុងការអាន”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងប្រហែលជាមានចិត្តថប់បារម្ភ អំពីហេតុការណ៍ដែលអាចកើតឡើងចំពោះយើង នៅពេលអនាគត ប៉ុន្តែ ព្រះបានអនុញ្ញាតឲ្យយើងដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងនៃជីវិតរបស់យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួបភាពជ្រួលច្របល់ ហើយមានចិត្តស្ងប់ ពេលជួបគ្រោះមហន្តរាយ។ ត្រង់ចំណុចនេះ ក្នុងបទគម្ពីរ ភីលីព ៤:៥ សាវ័កប៉ុលបានហៅអាកប្បកិរិយ៉ាដូចនេះថា “សេចក្តីសំឡូត”។ ពាក្យនេះត្រូវបានប្រើក្នុងបទគម្ពីរនេះ សំដៅទៅលើ “ការមានសន្តិភាពក្នុងចិត្ត ពេលស្ថិតក្រោមសំពាធអ្វីមួយ” ដែលជាភាពស្ងប់រម្ងាប់ និងជាកម្លាំងដែលយើងប្រើ ពេលយើងជួបស្ថានភាពដែលធ្វើឲ្យមានការថប់បារម្ភ ក្នុងការរស់នៅ។ នគរទាំងឡាយអាចរលំរលាយ មិត្តភ័ក្រអាចលែងទុកចិត្តគ្នា ពួកជំនុំអាចជួបការបែបបាក់ ទឹកសមុទ្រអាចជន់ជោរឡើង ហើយភ្នំទាំងឡាយអាចកក្រើករំពើក ប៉ុន្តែ យើងនៅតែអាចមានសន្តិភាពនៅក្នុងចិត្ត។ តើធ្វើដូចម្តេច ឲ្យយើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន? យើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន ដោយនឹកចាំថា “ព្រះអម្ចាស់ជិតយាងមកហើយ”(ភីលីព ៤:៥)។ ព្រះអម្ចាស់នៃយើងកំពុងឈរនៅខាងក្រៅ ដោយត្រៀមខ្លួនទំលាយទ្វារចូល ហើយកែរប្រែអ្វីៗឲ្យត្រឹមត្រូវឡើងវិញ។ ពេលនោះ លោកិយនេះ និងបញ្ហាទាំងឡាយប្រែក្លាយជានគររបស់ព្រះអម្ចាស់នៃយើង ហើយ “មនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ”(ហេព្រើ ២:១៤)។ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គនឹងយាងមកជាឆាប់(វិវរណៈ ២២:២០)។ ថ្ងៃនេះអាចជាថ្ងៃដែលព្រះអង្គយាងមកវិញ! នេះជាព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គ ដែលមានកត់ទុកក្នុងជំពូកចុងក្រោយ នៃព្រះគម្ពីរ ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់ព្រះអង្គ។—David Roper
បទគម្ពីរប្រចាំថ្ងៃ
ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្តីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ។ —ភីលីព ៤:៥