ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិក ទូរទស្សន៍ទាំងឡាយបានផ្សាយអំពីការថ្លែងសន្តរកថា និងកិច្ចពិភាក្សាតទល់ ដែលច្រើនតែរាប់បញ្ចូល “ការពិនិត្យរកមើលការពិត” ដោយអ្នកវិភាគ ដែលធ្វើការប្រៀបធៀបសន្តរកថារបស់បេ-កជន ដែលឈរឈ្មោះជាប្រធានាធិបតី នឹងប្រវត្តិពិតរបស់ពួកគេ ដើម្បីឲ្យប្រជាជនបានដឹង ថាពួកគេកំពុងនិយាយការពិត ឬនិយាយប្រឌិត ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន?
សាវ័កយ៉ូហានបានកត់ទុក អំពីការសន្ទនារវាងព្រះយេស៊ូវ ជាមួយនឹងមនុស្សមួយក្រុម ដែលជឿថា ព្រះយេស៊ូវកំពុងមានបន្ទូលកុហក់ អំពីព្រះអង្គទ្រង់។ ពេលនោះព្រះយេស៊ូវបានប្រាប់ពួកគេថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ពួកគេទូលថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ “ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ”(ខ.៣៣)។
ពេលដែលការសន្ទនាចេះតែបន្ត ព្រះយេស៊ូវនៅតែមានបន្ទូលថា ព្រះអង្គពិតជាបានប្រាប់ការពិតមែន(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នកខ្លះជឿព្រះអង្គ តែអ្នកផ្សេងទៀត នៅតែខឹងនឹងព្រះអង្គ ហើយមិនព្រមជឿ។ សព្វថ្ងៃនេះ កិច្ចពិភាក្សាតទល់នេះ នៅតែបន្តមាន។ អ្នកដែលប្រឆាំងនឹងព្រះយេស៊ូវ ក្នុងសម័យនេះ បានព្យាយាមនិយាយបង្ខូចព្រះបន្ទូលរបស់អង្គ ហើយលើកហេតុផលថា ព្រះអង្គបានមានបន្ទូលកុហក់។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា” ហើយព្រះអង្គសន្យាថា ព្រះអង្គនឹងប្រទាននូវសេរីភាព ដែលយើងអាចរកបានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ។
ការកត់ត្រារបស់ព្រះគម្ពីរ អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ គឺសក្តិសមនឹងឲ្យយើង “ពិនិត្យរកមើលការពិត” នៅពេលដែលយើងសម្រេចចិត្តថា យើងនឹងដើរតាមនរណា។ យើងរាល់គ្នាសុទ្ធតែមានជម្រើស។—David McCasland