លោកពលបាល រីឆាត ឃើកលែន(Richard KirkLand) ជាទាហានរបស់កងទ័ពសហព័ន្ធ ក្នុងសម័យសង្រ្គាមស៊ីវិលរបស់អាមេរិក(ឆ្នាំ ១៨៦១-១៨៦៥)។ ពេលកងទ័ពសហភាពទទួលបរាជ័យ នៅក្នុងការវាយសម្រុកចូលភ្នំម៉ារី ហាយ ក្នុងអំឡុងពេលសង្រ្គាមនៅហ្វ្រេដឺរីកបឺក មានទាហានជាច្រើនបានរបួស ហើយត្រូវគេទុកចោល ក្នុងទឹកដីដែលនៅចន្លោះគូរសត្រូវទាំងពីរ ដូចនេះ លោកឃើកលែនក៏បានសុំការអនុញ្ញាត ចូលទៅជួយសង្រ្គោះពួកគេ។ គាត់បានប្រមូលដបទឹក ហើយផ្លោះរបងថ្ម ទៅជួយទាហានណាដែលគាត់ឃើញមុនគេ។ គេបានហៅគាត់ថា “ទេវតានៃម៉ារី ហាយ” នៅពេលដែលគាត់បានប្រថុយនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួន ដើម្បីបង្ហាញនូវសេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទ ដល់ទាហានរបស់សត្រូវ។
មិនមានមនុស្សច្រើនទេ ដែលនឹងត្រូវទៅប្រយុទ្ធនឹងខ្មាំងសត្រូវ ក្នុងសមរភូមិខាងសាច់ឈាម តែទន្ទឹមនឹងនោះ ក្នុងពេលសព្វថ្ងៃនេះ យើងអាចរកឃើញមនុស្សជាច្រើននៅជុំវិញខ្លួនយើង ដែលកំពុងរងទុក្ខវេទនា ដោយសារភាពឯកកោ ការបាត់បង់ បញ្ហាសុខភាព និងអំពើបាប។ ប្រហែលជាមានសម្លេងរំខានជាច្រើន ដែលធ្វើឲ្យយើងមិនអាចឮពួកគេស្រែកដង្ហើយរកសេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។
លោកឃើកលែនមានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ដូចព្រះគ្រីស្ទដែរ ជាគំរូនៃការអនុវត្តតាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដែលបានបង្គាប់ឲ្យ “ស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួនឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានដងស្រង់បទគម្ពីរ សុភាសិត ២៥:២១ “បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ”(រ៉ូម ១២:២០)។ គាត់ក៏បានបង្រៀនផងដែរថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(ខ.២១)។
ការបង្រៀនរបស់សាវ័កប៉ុល បានជំរុញចិត្តយើង ឲ្យមានចិត្តអាណិតចំពោះអ្នកដទៃ ដូចលោកពលបាល ឃើកលែនផងដែរ។ ថ្ងៃនេះ ជាថ្ងៃដែលយើងត្រូវ “ផ្លោះរបងថ្ម” នៃភាពសុខស្រួលរបស់យើង ដើម្បីទៅជួយអ្នកដែលកំពុងត្រូវការជំនួយពីព្រះ។—Randy Kilgore