ថ្មីៗនេះ ពេលដែលខ្ញុំទៅលេងមិត្តភ័ក្រ ដែលធ្លាប់បញ្ចប់ការសិក្សានៅសាលាព្រះគម្ពីរជាមួយគ្នា ខ្ញុំក៏បានដឹងថា មានមិត្តភ័ក្ររបស់យើងជាច្រើន បានលាចាកលោកទៅហើយ។ ការនេះបានរំឭកខ្ញុំយ៉ាងច្បាស់ថា ជីវិតរបស់មនុស្សពិតជាខ្លីណាស់។ អាយុរបស់មនុស្សយើង គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ ដ្បិតអាយុយើងឆាប់កន្លងទៅ ហើយយើងហើរទៅបាត់ (ទំនុកដំកើង ៩០:១០)។ អ្នកនិពន្ធទំនុកដំកើងពិតជានិយាយត្រូវមែន។ យើងជាអ្នកដទៃ ជាអ្នកដំណើរដូចជាពួកឰយុកោដែរ(៣៩:១២)។ ភាពរួញខ្លីនៃជីវិតបានធ្វើឲ្យយើងគិតអំពី “ចុងបញ្ចប់” នៃជីវិតយើង និងចំនួនថ្ងៃដែលយើងនៅសល់ ដែលកន្លងផុតទៅឆាប់រហ័សណាស់(ខ.៤)។ យើងមានអារម្មណ៍ដឹងកាន់តែច្បាស់អំពីបញ្ហានេះ ពេលដែលចុងបញ្ចប់នៃជីវិតយើង កាន់តែរំគិតមកដល់។
លោកិយនេះមិនមែនជាផ្ទះរបស់យើងទេ យើងគ្រាន់តែជាអ្នកដំណើរ ដែលមកសំណាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែយើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើងជាអ្នកដំណើរ ដែលមានព្រះគង់នៅ និងរួមដំណើរជាមួយ(៣៩:១២) ដូចនេះ យើងមិនត្រូវខ្លាចឧបស័គ្គនៅតាមផ្លូវ មិនត្រូវខ្លាច ឬមានការព្រួយបារម្ភឡើយ។ យើងធ្វើដំណើរឆ្លងកាត់លោកិយនេះ ហើយចូលទៅក្នុងនគរព្រះ ជាមួយនឹងព្រះវរបិតា ដែលមានក្តីស្រឡាញ់ ដែលតែងតែរួមដំណើរ និងនាំផ្លូវយើងជានិច្ច។ យើងជាអ្នកដំណើរ ក្នុងលោកិយនេះ តែយើងមិនដែលធ្វើដំណើរតែម្នាក់ឯងឡើយ(៧៣:២៣-២៤)។ យើងមានព្រះមួយអង្គ ដែលមានបន្ទូលថា “ខ្ញុំនឹងគង់នៅជាមួយអ្នកជានិច្ច”(ម៉ាថាយ ២៨:២០)។
ឪពុកម្តាយ ប្តីប្រពន្ធ និងមិត្តភ័ក្រយើង មិនអាចនៅក្បែរយើងគ្រប់ពេលឡើយ តែយើងដឹងថា ព្រះដើរទន្ទឹមយើងជានិច្ច។ មានពាក្យចាស់ពោលថា “ការធ្វើដំណើររបស់យើង ហាក់ដូចជាស្រាលជាងមុខ ពេលដែលយើងមានអ្នករួមដំណើរដ៏ល្អ”។—David Roper