ក្នុងយប់ដំបូង នៃការបោះជំរំគ្រួសារ អ្នកដឹកនាំការបោះជំរំបានជូនដំណឹងដល់ក្រុមគ្រួសារទាំងឡាយ អំពីកាលវិភាគ សម្រាប់ការបោះជំរំមួយសប្តាហ៍នោះ។ ពេលគាត់ចែកចាយចប់ គាត់បានសួរពួកគេថា តើមាននរណាមានយោបលអ្វីទេ? ពេលនោះ មានក្មេងស្រីម្នាក់បានក្រោកឈរឡើង ហើយនិយាយអំពាវនាវសុំជំនួយ ធ្វើឲ្យយើងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ នាងបានចែកចាយអំពីប្អូនប្រុសតូចរបស់នាង ដែលជាក្មេងប្រុសដែលមានតម្រូវការពិសេស ហើយពិបាកមើលថែរ។ នាងបានប្រាប់យើងថា បញ្ហានេះបានធ្វើឲ្យក្រុមគ្រួសាររបស់នាង មានការពិបាកយ៉ាងណា ហើយនាងបានសូមឲ្យគេរាល់គ្នា ឧស្សាហ៍ក្រឡេចមើលក្មេងប្រុសនោះ ក្នុងពេលមួយសប្តាហ៍នោះផង នោះជាការអំពាវនាវ ដែលកើតចេញពីការខ្វល់ខ្វាយដ៏ពិត ដែលនាងមានចំពោះប្អូនប្រុស និងឪពុកម្តាយរបស់នាង។ ក្នុងពេលមួយសប្តាហ៍នោះ ខ្ញុំមានការសប្បាយចិត្តណាស់ ដែលបានឃើញពួកគេជួយយកអសារគ្រួសារមួយនោះ។
ការអំពាវនាវរបស់នាង នៅយប់នោះ ជាការរំឭកដ៏ស្រទន់ឲ្យយើងនឹកចាំថា យើងរាល់គ្នាងាយនឹងវក់វីនឹងជីវិត និងបញ្ហារបស់យើងណាស់ រហូតដល់យើងមិនបានមើលឃើញតម្រូវការរបស់អ្នកដទៃ។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានបកស្រាយអំពីការទទួលខុសត្រូវរបស់យើង យ៉ាងដូចនេះថា “កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៤)។ ខគម្ពីរបន្ទាប់ បានប្រាប់យើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ គឺដូចដែលមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”។
ការមើលថែររបស់យើង បង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះអ្នកដែលកំពុងមានទុក្ខ ដែលជាការយកគំរូតាមព្រះយេស៊ូវ។ សូមយើងសម្រាកនៅក្នុងព្រះគុណព្រះ ដោយទុកចិត្តថា ព្រះអង្គនឹងជួយឲ្យយើង មានលទ្ធភាពបម្រើអ្នកដទៃ ពេលដែលពួកគេមានតម្រូវការ។—Bill Crowder