ការធ្វើឃាតលោកចន អែហ្វ ឃែននេឌី(John F. Kennedy)ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពី៥០ឆ្នាំមុន បានធ្វើឲ្យមនុស្សនៅទូទាំងពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង។ នៅថ្ងៃបន្ទាប់ពីការបាញ់ប្រហារនេះ មានអត្ថបទមួយ ដែលបានចេញផ្សាយក្នុងការសែត ដឺថែម (The Time) នៅទីក្រុងឡុងដ៍ បាននិយាយថា ហេតុការណ៍នេះ បាននាំឲ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ពេញទីផ្សាហរិញ្ញវត្ថុអន្តរជាតិ។ គេបានដាក់ចំណងជើងធំៗលើគេ ក្នុងទំព័រមុខរបស់កាសែតនោះថា “សោកនាដកម្មនៅសហរដ្ឋអាមេរិក បានក្លាយជាហេតុការណ៍ ដ៏សំខាន់ដែលគ្របបាំងហេតុការណ៍ផ្សេងៗទៀត”។
មរណៈភាព សោកនាដកម្ម ឬហេតុការណ៍ណាមួយ ដែលកើតឡើងភ្លាមៗ ក្នុងជីវិតយើង អាចជារឿងដ៏ធំបំផុត ដែលធ្វើឲ្យយើងលែងគិតពីរឿងអ្វីផ្សេងទៀត។ ការនេះបានកើតឡើងចំពោះស្រ្តីព្រហ្មចារីម្នាក់ ដែលទេវតាកាព្រីយ៉ែលបានមកប្រាប់ថា នាងនឹងក្លាយជាម្តាយរបស់ព្រះមែស៊ី ដែលជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមក តាមព្រះបន្ទូលសន្យា(លូកា ១:២៦-៣៣)។ ពេលដែលនាងសួរទេវតាថា តើការនេះអាចកើតឡើងយ៉ាងដូចម្តេច ទេវតាក៏បានប្រាប់នាងថា “ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល”(ខ.៣៥)។
ប៉ុន្តែ រឿងនេះមិនមែនជាសោកនាដកម្ម ដែលកើតឡើងពីសេចក្តីងងឹតឡើយ តែជារឿងដ៏រំភើបរីករាយ ដែលកើតឡើងពីពន្លឺនៃសិរីល្អ និងអំណាចរបស់ព្រះ។ យើងកោតសរសើរនាង ពេលដែលនាងឆ្លើយតបទៅទេវតាថា “សូមឲ្យបានសំរេចដូចពាក្យលោកចុះ”(ខ.៣៨)។
ក្នុងសប្តាហ៍ខាងមុខនេះ ខណៈពេលដែលយើងអានឡើងវិញ នូវរឿងពិធីបុណ្យណូអែល និងពិចារណាអំពីការប្រសូត្ររបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ សូមយើងជញ្ជឹងគិតអំពីពាក្យ គ្របបាំងដោយស្រមោល ។ ពាក្យនេះត្រូវបានប្រើក្នុងបទគម្ពីរ ដើម្បីធ្វើការរៀបរាប់ដ៏មានអំណាច អំពីព្រះវត្តមានរបស់ព្រះអម្ចាស់ក្នុងចិត្តយើង និងអំពីការដែលព្រះអង្គអាចបញ្ចេញពន្លឺ ក្នុងពេលដែលមានភាពងងឹតបំផុត ក្នុងជីវិតយើង។—David McCasland