ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ នៅថ្ងៃដដែល ដែលគេធ្វើឃាតលោកប្រធានាធិបតី ចន អេហ្វ ឃែននេឌី(John F. Kennedy) មានអ្នកដឹកនាំម្នាក់ទៀតបានទទួលមរណភាពផងដែរ។ គាត់ឈ្មោះ ខ្លាយ ស្តេភល លូវីស(Clive Staples Lewis)។ គាត់ជាអ្នកប្រាជ្ញនៅសកលវិទ្យាល័យ អក់ស្វឺត ដែលបានផ្លាស់ប្រែពីអ្នកមិនជឿព្រះ ទៅជាគ្រីស្ទបរិស័ទ និងជាអ្នកនិពន្ធដែលមានស្នាដៃជាច្រើន។ គាត់បាននិពន្ធសៀវភៅបញ្ញាវ័ន្ត សៀវភៅរឿងប្រឌិតវិទ្យាសាស្រ្ត រឿងនិទានកុមារ និងសៀវភៅជាច្រើនទៀត ដែលបង្កប់ទៅដោយសេចក្តីបង្រៀនរបស់គ្រីស្ទបរិស័ទ។ ព្រះបានប្រើសៀវភៅរបស់គាត់ ដើម្បីធ្វើឲ្យមនុស្សជាច្រើនប្រែចិត្ត ដែលក្នុងនោះ ក៏មានអ្នកនយោបាយម្នាក់ និងអ្នកវិទ្យាសាស្រ្តម្នាក់ ដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព។
ព្រះបានត្រាសហៅអ្នកខ្លះ ឲ្យប្រាប់អ្នកដទៃ អំពីព្រះគ្រីស្ទ តាមរយៈសៀវភៅដែលពួកគេបាននិពន្ធ ប៉ុន្តែ ព្រះអង្គបានត្រាសហៅគ្រីស្ទបរិស័ទទាំងអស់ ឲ្យធ្វើជា “សំបុត្រ” របស់ព្រះគ្រីស្ទ តាមរយៈការរស់នៅរបស់យើង។ លោកសាវ័កប៉ុលបានប្រាប់យើងថា “អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែល… មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់”(២កូរិនថូស ៣:៣)។
ជាការពិតណាស់ សាវ័កប៉ុលមិនបានថា យើងជាសំបុត្រ ដែលជាក្រដាស់ ដែលព្រះបានសរសេរព្រះរាជសាររបស់ព្រះអង្គនេះទេ តែយើងជា “សំបុត្រ” ដ៏រស់ ដែលអាចបង្ហាញឲ្យគេដឹងតាមរយៈជីវិតយើង អំពីការដែលព្រះយេស៊ូវកែប្រែជីវិតយើង ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃ និងការសង្វាតរស់នៅដោយភាពថ្លៃថ្នូរ។
មានមនុស្សមិនច្រើនទេ ដែលមានឥទ្ធិពលដូចលោក ស៊ី អេស លូវីស តែព្រះបានត្រាសហៅយើងម្នាក់ៗ ឲ្យនាំសិរីល្អដល់ព្រះមួយអង្គ ដែលបានស្រឡាញ់យើង ហើយសង្រ្គោះយើង!—Dennis Fisher