នៅបច្ចិមប្រទេស មានពាក្យស្លោកមួយឃ្លាពោលថា “ការធ្វើត្រូវពេល គឺសំខាន់សម្រាប់គ្រប់ការទាំងអស់”។ ពាក្យស្លោកនេះពិតជានិយាយត្រូវណាស់ ព្រោះសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “លុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក”(កាឡាទី ៤:៤)។ ប្រសាសន៍របស់គាត់ត្រង់ចំណុចនេះ ពិតជាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ណាស់។
ពេលដែលយើងក្រឡេចមកមើល ទៅប្រវត្តិសាស្រ្តពិភពលោកតែបន្តិច នោះយើងឃើញថា ព្រះយេស៊ូវគ្រីស្ទបានយាងមកចាប់កំណើត ចំពេលល្អណាស់។ ជាច្រើនសតវត្សរ៍ មុនពេលព្រះអង្គប្រសូត្រ អធិរាជអ័ឡេចក្សាន្តដឺ(Alexander) បានលើកទ័ពវាយកាន់កាប់ទឹកដីជាច្រើន ដោយនាំមកនូវវប្បធម៌ និងភាសាក្រិក ចូលទឹកដីទាំងនោះផង។ ពេលដែលចក្រភពរបស់ទ្រង់រលាយ ចក្រភពរ៉ូម៉ាំង ក៏បានចាប់យកទឹកដីដែលអធិរាជអ័ឡេចក្សាន្តដឺបានបន្សល់ទុក ហើយបានពង្រីកទឹកដីរបស់ខ្លួន នៅក្រោមឥទ្ធិពលបង្រួបបង្រួមនៃវប្បធម៌ និងភាសារបស់ជនជាតិក្រិក។ គឺក្នុងសម័យគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំងនោះហើយ ដែលមានការឆ្កាងមនុស្សសម្លាប់។ ព្រះអង្គបានប្រសូត្រក្នុងសម័យនោះ ហើយក៏បានខ្ចាយព្រះលោហិតនៅលើឈើឆ្កាង ដើម្បីលោះបាបយើង។ នៅក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំ មានលក្ខខ័ណ្ឌប្រកប ដែលអំណោយផលដល់ការផ្សាយដំណឹងល្អ ឆ្លងទៅដល់ទ្វីបទាំងបី ដែលចក្រភពនេះបានរៀបចំឲ្យមានផ្លូវល្អៗ ការឆ្លងកាត់ព្រំដែនដែលមិនមានការរឹតបន្តឹង “លិខិតឆ្លងដែន” និងមានភាសារួមមួយ។ នេះជាផែនការរបស់ព្រះ ដែលបានរៀបចំឲ្យព្រះបុត្រាព្រះអង្គយាងមក ឲ្យចំពេល ដែលមានលក្ខខ័ណ្ឌប្រកបទាំងអស់នេះ។
ការរៀបចំពេលវេលារបស់ព្រះ មានភាពល្អឥតខ្ចោះ ក្នុងការគ្រប់យ៉ាង។ ខណៈពេលដែលយើងកំពុងរង់ចាំជំនួយរបស់ព្រះអង្គ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គហាក់ដូចជាមិនជួយយើង ឲ្យបានឆាប់។ ប៉ុន្តែ យើងត្រូវចាំថា ព្រះអង្គកំពុងធ្វើការ ដែលយើងមើលមិនឃើញ ដើម្បីត្រៀមខ្លួនជួយយើង ឲ្យត្រូវពេល។ ចូរយើងទុកចិត្តលើព្រះអង្គ។ ព្រះអង្គជ្រាបថា ពេលនេះជាពេលអ្វី។—Joe Stowell