ពេលដែលយើងគេងមិនលក់ យើងប្រហែលជាត្រឡប់ខ្លួនចុះឡើងៗ បង្វិល ឬត្រដុសខ្នើយកើយ តែពេលខ្លះ យើងនៅតែគេងមិនលក់ដដែល។ ទាក់ទងនឹងបញ្ហានេះ មានអត្ថបទមួយបានចេញផ្សាយ អំពីយោបលល្អៗមួយចំនួន អំពីរបៀបគេងឲ្យកាន់តែលក់ស្រួល នៅពេលយប់។ ប៉ុន្តែ អ្នកនិពន្ធអត្ថបទនោះ បានធ្វើសេចក្តីសន្និដ្ឋានថា តាមពិត គ្មាន “វិធីដ៏ត្រឹមត្រូវ” ដែលជួយឲ្យគេងលក់ឡើយ។
មានកត្តាជាច្រើន ដែលធ្វើឲ្យយើងគេងមិនលក់ ហើយក្នុងនោះ យើងមិនមានដំណោះស្រាយអ្វីច្រើន សម្រាប់បញ្ហាទាំងនោះទេ។ ប៉ុន្តែ ជួនកាល យើងគេងមិនលក់ ដោយសារការថប់បារម្ភ ទុក្ខព្រួយ ឬការប្រកាន់ទោសខ្លួនឯង ដែលមានក្នុងចិត្ត។ ត្រង់ចំណុចនេះ គំរូរបស់ស្តេចដាវីឌក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៤ អាចជួយយើងបាន។ ទ្រង់បានស្រែកអំពាវរកព្រះ ដោយទូលសូមសេចក្តីមេត្តាករុណា និងសូមឲ្យព្រះអង្គព្រះសណ្តាប់ពាក្យអធិស្ឋានរបស់ទ្រង់(ខ.១)។ ទ្រង់ក៏បានរំឭកខ្លួនឯងផងដែរថា ព្រះអម្ចាស់ពិតជាស្តាប់ឮទ្រង់ ពេលដែលទ្រង់ស្រែកដង្ហើយរកព្រះអង្គ(ខ.៣)។ ស្តេចដាវីឌបានលើកទឹកចិត្តយើងថា “ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេកហើយនៅស្ងៀមចុះ”(ខ.៤)។ ការផ្តោតចិត្តរបស់យើង ទៅលើសេចក្តីល្អ សេចក្តីមេត្តាកុរណា និងសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីស្រឡាញ់របស់មនុស្សជាទីស្រឡាញ់ និងសេចក្តីស្រឡាញ់របស់ខ្លួនឯង អាចជួយឲ្យយើងទុកចិត្តព្រះអម្ចាស់(ខ.៥)។
ព្រះអម្ចាស់សព្វព្រះទ័យនឹងជួយ ឲ្យយើងថ្វាយការព្រួយបារម្ភរបស់យើង ចំពោះបញ្ហាទាំងឡាយ ហើយទុកចិត្តថា ព្រះអង្គនឹងជួយដោះស្រាយបញ្ហានោះឲ្យយើង។ ព្រះអង្គអាចដាក់ “សេចក្តីអំណរ” ក្នុងចិត្តយើង (ខ.១៧) ដើម្បីឲ្យយើងអាច “សម្រាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់ ដ្បិត មានតែព្រះអង្គទេ ដែលប្រោសឲ្យយើង នៅដោយសាន្តត្រាណបាន”(ខ.៨)។-Dave Egner