
មានទស្សនៈតាមបែបស្ថានសួគ៌
ដោយDennis Fisher
January 17, 2016
អ្នកស្រីហ្វេននី ក្រូសប៊ី(Fanny Crosby) បានបាត់បង់ភ្នែកទាំងគូរ តាំងពីពេលដែលគាត់នៅជាទារក។ ប៉ុន្តែ ជាការអស្ចារ្យណាស់ ដែលគាត់នៅតែតស៊ូរហូតក្លាយជា អ្នកនិពន្ធម្នាក់ ក្នុងចំណោមអ្នកនិពន្ធដ៏ល្បីបំផុត ដែលបានចងក្រងទំនុកច្រៀងនៃទំនុកបរិសុទ្ធ។ ក្នុងជីវិតដ៏វែងរបស់គាត់ គាត់បាននិពន្ធទំនុកបរិសុទ្ធ បាន៩ពាន់បទ។ ក្នុងចំណោមបទទាំងនោះ មានបទដ៏ពេញនិយមជាច្រើនជំនាន់ ដូចជាបទ “ខ្ញុំដឹងជាក់ច្បាស់ហើយ” និង បទ “ថ្វាយសិរីល្អដល់ព្រះ”។ អ្នកខ្លះបានអាណិតអ្នកស្រីហ្វេននី។ មានគ្រូអធិប្បាយម្នាក់បាននិយាយទៅកាន់គាត់ ដោយបំណងល្អថា “ខ្ញុំយល់ថា វាជារឿងដែលគួរឲ្យសោកស្តាយខ្លាំងណាស់ ដែលព្រះអម្ចាស់មិនបានប្រទានឲ្យអ្នកមានភ្នែកដែលមើលឃើញ នៅពេលដែលព្រះអង្គបានចាក់បង្ហូរនូវអំណោយទានជាច្រើនទៀតដល់អ្នក”។ គាត់ក៏បានឆ្លើយតប តាមរបៀបមិនគួរឲ្យជឿថា “តើលោកគ្រូដឹងទេថា បើសិនជាខ្ញុំអាចទូលសូមព្រះ នៅពេលខ្ញុំចាប់កំណើត នោះខ្ញុំនឹងទូលព្រះអង្គឲ្យខ្ញុំពិការភ្នែកពីកំណើត? … ព្រោះពេលដែលខ្ញុំបានទៅនៅនគរស្ថានសួគ៌ ខ្ញុំនឹងមានចិត្តអរបំផុត ដែលអ្នកដែលខ្ញុំនឹងបានឃើញមុខមុនគេ គឺជាព្រះសង្រ្គោះរបស់ខ្ញុំ”។ អ្នកស្រីហ្វេននី បានមានទស្សនៈចំពោះជីវិតរបស់ខ្លួន ដោយសម្លឹងមើលទៅពេលដ៌អស់កល្បជានិច្ច ដែលគាត់នឹងមាន ក្នុងនគរស្ថានសួគ៌។ ពេលយើងមើលទៅពេលដ៏អស់កល្បជានិច្ច នោះយើងក៏មានគំនិតវិជ្ជមាន ចំពោះបញ្ហារបស់យើងផងដែរ គឺដូចមានសេចក្តីចែងថា “ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(២កូរិនថូស ៤:១៧-១៨)។ ទុក្ខលំបាករបស់យើងនឹងរលាយបាត់អស់ ពេលដែលយើងនឹកចាំថា នៅថ្ងៃដ៏រុងរឿង យើងនឹងបានឃើញព្រះយេស៊ូវ មុខទល់នឹងមុខ!-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
របស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។-ខ.១៨