ក្នុងសតវត្សរ៍ទី១៩ គេច្រើនតែផ្ទុកឥវ៉ាន់នៅលើសំពៅលើសចំណុះ ដោយខ្វះការពិចារណា បានជាមានសំពៅជាច្រើនបានលិច ហើយនាវិកត្រូវបាត់ខ្លួន ក្នុងសមុទ្រ។ ក្នុងឆ្នាំ ១៨៧៥ ដើម្បីកែប្រែទម្លាប់នៃការថ្វេសប្រហែសនេះ លោកសែមញួល ភ្លីមសូល(Samuel Plimsoll) ដែលជាអ្នកនយោបាយនៃចក្រភពអង់គ្លេស ក៏បានផ្តួចផ្តើមគំនិតបង្កើតច្បាប់ ដើម្បីដាក់គំនូសខ្សែបន្ទាត់ នៅចំហៀងនាវាទាំងឡាយ ដើម្បីបង្ហាញឲ្យដឹងថា នាវាទាំងនោះ បានផ្ទុកទំនិញហួសកំណត់ឬអត់។ ក្រោយមក “ខ្សែបន្ទាត់បន្ទុកនាវា” ត្រូវបានគេហៅថា ខ្សែបន្ទាត់ភ្លីមសូល ដែលគេនៅតែបន្តប្រើជាគំនូសនៅលើចំហៀងនាវាសព្វថ្ងៃ។
ជួនកាល ជីវិតរបស់យើងហាក់ដូចជាមានបន្ទុក នៃការភ័យខ្លាច ទុក្ខលំបាក និងការឈឺក្បាលច្រើនពេក មិនខុសពីនាវាទាំងនោះឡើយ។ យើងថែមទាំងអាចមានអារម្មណ៍ថា យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃការលិចលង់។ ទោះបីជាយ៉ាងណាក៏ដោយ ពេលយើងស្ថិតក្នុងពេលបែបនេះ សូមយើងកម្លាចិត្តខ្លួនឯង ដោយចាំថា យើងមានប្រភពនៃជំនួយដ៏អស្ចារ្យ។ យើងមានព្រះវរបិតាដែលបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្រាលបន្ទុកយើង។ គឺដូចដែលសាវ័កពេត្រុសបានមានប្រសាសន៍ថា “ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។ ព្រះអង្គអាចដោះស្រាយបញ្ហាដែលញាំញីជីវិតយើង។
ទោះបីជាយើងប្រហែលជាគិតថា ការល្បងលក្នុងជីវិតយើង ហាក់ដូចជាបន្ទុកដែលធ្ងន់ពេក ដែលយើងមិនអាចលីរួចក៏ដោយ ក៏យើងនៅតែអាចមានការធានាទាំងស្រុងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ស្រឡាញ់យើងខ្លាំងណាស់ ហើយព្រះអង្គបានជ្រាបថា សមត្ថភាពយើងមានកំរិត។ ទោះយើងជួបបញ្ហាអ្វីក៏ដោយ ក៏ព្រះអង្គនឹងជួយឲ្យយើងអាចដោះស្រាយបាន។-Bill Crowder