
ក្បួនមាស
ដោយDavid H. Roper
March 11, 2016
ក្បួនមាសបានចែងថា ចូរប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក។ មានសាសនាជាច្រើនបានប្រើក្បួនមាសនេះ។ ដូចនេះ តើក្បួនមាស ដែលមានក្នុងព្រះបន្ទូលព្រះយេស៊ូវ មានចំណុចអ្វីដែលពិសេសលើសគេ? ជាការពិតណាស់ ក្បួនមាសរបស់ព្រះអង្គមានលក្ខណៈពិសេស នៅត្រង់ពាក្យ “ដូច្នេះ” ដែលបង្ហាញអំពីភាពសប្បុរសរបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១១-១២)។ យើងគ្រប់គ្នាមិនបានយល់ដឹងច្បាស់ទេថា តាមពិត យើងមិនបានស្រឡាញ់អ្នកដទៃ ដូចដែលព្រះបានស្រឡាញ់យើងឡើយ។ ព្រះយេស៊ូវបានអនុវត្តតាមក្រមសីលធម៌ ដែលគួរឲ្យស្ងប់ស្ងែងនោះ ដោយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ តាមរយៈការរស់នៅ និងការសុគតដើម្បីលោះបាបយើងរាល់គ្នា។ យើងមានព្រះវរបិតា ដែលមានក្តីស្រឡាញ់ និងសប្បុរស ដែលមិនបានគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺបានបើកបង្ហាញទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គព្រះនាមព្រះយេស៊ូវ។ ភាពសប្បុរសរបស់ព្រះ ជាគំរូដែលបណ្តាលចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង។ យើងស្រឡាញ់ និងបង្ហាញភាពសប្បុរសដល់អ្នកដទៃ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឲ្យយើងរស់នៅតាមព្រះរាជបញ្ជារបស់ព្រះអង្គ តែព្រះអង្គក៏បានប្រទានយើង នូវអំណាចចេស្តា និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងបង្ហាញសេចក្តីស្រឡាញ់នោះដល់អ្នកដទៃ។ យើងគ្រាន់តែទូលសូមឲ្យព្រះអង្គជួយយើង ដើម្បីឲ្យយើងអាចស្រឡាញ់អ្នកដទៃតាមបំណងព្រះទ័យព្រះអង្គ។-David Roper
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះ ដែរ។-ខ.១២