ខ្សែភាពយន្ត ដែលមានចំណងជើងថា “ស្លាបបក្សី” ជាខ្សែភាពយន្តដែលនិយាយអំពីអាកាសយានិកអាមេរិកពីរនាក់ ក្នុងសម័យសង្រ្គាមលោកលើកទី១។ នៅឆ្នាំ ១៩២៧ ខ្សែភាពយន្តនេះ ក៏បានក្លាយជាខ្សែភាពយន្តទីមួយ ដែលបានទទួលពានរង្វាន់អូស្កា សម្រាប់រូបភាពដែលល្អដាច់គេ។ ពេលដែលគេកំពុងផលិតរឿងនេះ គេបានផ្អាកការថត អស់ជាច្រើនថ្ងៃ។ ផលិតកររបស់រឿងនេះ មានចិត្តតប់ប្រមល់ណាស់ បានជាគាត់សួរអ្នកដឹកនាំរឿង អំពីមូលហេតុដែលមានការអាក់ខានដូចនេះ។ គាត់បានឆ្លើយតបថា “បញ្ហានេះគឺបណ្តាលមកពីផ្ទៃមេឃស្រឡះពេក។ គេអាចថតឈុតប្រយុទ្ធគ្នានៅលើអាកាសបានច្បាស់ បើសិនជាមានពពកច្រើន។ ដូចនេះ ពពកជួយឲ្យគេមើលឃើញយន្តហោះប្រយុទ្ធគ្នាច្បាស់”។ គាត់មានប្រសាសន៍ត្រឹមត្រូវណាស់។ ទាល់តែមានពពក នៅផ្ទៃខាងក្រោយ ទើបទស្សនិកជនអាចមើលឃើញការប្រយុទ្ធគ្នា នៅលើអាកាសបានច្បាស់ល្អ។
ជាញឹកញាប់ យើងច្រើនតែចង់ឲ្យផ្ទៃមេឃស្រឡះ ជាជាងមានពពកខ្មៅច្រើន។ ប៉ុន្តែ ផ្ទៃមេឃដែលមានពពក អាចបង្ហាញឲ្យយើងឃើញភាពស្មោះត្រង់របស់ព្រះ។ ពេលដែលយើងងាកមកមើលភាពអាប់អួរ ដែលដូចជាពពកនៅលើមេឃ យើងអាចដឹងថា ព្រះអម្ចាស់មានព្រះទ័យស្មោះត្រង់យ៉ាងណា ក្នុងពេលដែលយើងកំពុងមានទុក្ខលំបាក។
ពេលលោកយ៉ូប ចាប់ផ្តើមជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរ គាត់បានពោលទំនួញថា “សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ … សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង”(៣:៣-៥)។ គាត់បានបន្តជួបភាពអស់សង្ឃឹមអស់មួយរយៈពេលវែង បន្ទាប់មក ព្រះអង្គក៏មានបន្ទូលមកកាន់គាត់។ លោកយ៉ូបក៏បានពោលថា “កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ”(៤២:៥)។ ពេលនោះ លោកយ៉ូបបានជួបព្រះអាទិករដ៏មានចេស្តា ហើយគាត់ក៏បានយល់ច្បាស់ អំពីបំណងព្រះទ័យព្រះ។
តើពពកនៃបញ្ហា បានគ្របបាំងផ្ទៃមេឃរបស់អ្នក នៅថ្ងៃនេះឬទេ? មិនយូរប៉ុន្មាន ព្រះអាចប្រើពពកនោះ ដើម្បីជួយឲ្យអ្នកយល់អំពីភាពស្មោះត្រង់របស់ព្រះអង្គ។-Dennis Fisher