មានពេលមួយ ខ្ញុំបានទៅទិញគ្រឿងទេស សម្រាប់ធ្វើម្ហូប។ ពេលខ្ញុំកំពុងដាក់គ្រឿងទេសចូលក្នុងគូទឡាន ខ្ញុំបានចោលកន្ទុយភ្នែកមើលឡានមួយ ដែលនៅក្បែរនោះ។ ខ្ញុំបានមើលតាមកញ្ចក់ខាងក្រោយរបស់ឡាននោះ ឃើញផ្លែប៉េងបោះជាច្រើនកន្រ្តក ដែលមានពណ៌ក្រហមឆ្អៅ រលោងៗ និងមូលល្អណាស់ ហើយមើលទៅល្អជាងផ្លែប៉េងបោះ ដែលខ្ញុំបានឃើញក្នុងហាងទៀត។ មួយសន្ទុះក្រោយមក ម្ចាស់រថយន្តក៏បានចេញមក ហើយខ្ញុំក៏បានប្រាប់គាត់ថា “អ្នកមានផ្លែប៉េងបោះល្អៗណាស់!” នាងក៏បានតបថា “ឆ្នាំនេះ ដំណាំរបស់ខ្ញុំបានទទួលផលល្អណាស់។ អ្នកចង់បានផ្លែប៉េងបោះខ្លះទេ?” ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលនាងព្រមចែកផ្លែប៉េងប៉ោះខ្លះឲ្យខ្ញុំ ហើយខ្ញុំក៏បានទទួលយកដោយក្តីរីករាយ។ នាងបានឲ្យផ្លែប៉េងបោះបួនប្រាំផ្លែមកខ្ញុំ ដោយឥតគិតថ្លៃ សម្រាប់យកទៅផ្ទះ។ ប៉េងបោះនោះពិតជាមានរស់ជាតិល្អ ដូចរូបរាង្គខាងក្រៅរបស់វាអញ្ចឹង!
ការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីវិញ្ញាណនៃភាពសប្បុរសរបស់ជនជាតិអ៊ីស្រាអែល ដែលមានទំហំធំធេង ពេលដែលពួកគេថ្វាយដង្វាយ សម្រាប់ការសាងសង់រោងឧបោសថថ្វាយព្រះ។ ពេលដែលលោកម៉ូសេប្រាប់ពួកគេ ឲ្យថ្វាយដង្វាយជាសម្ភារៈ សម្រាប់សាងសង់ទីបរិសុទ្ធនោះ “អស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ”(និក្ខមនំ ៣៥:២១)។ ពួកអ៊ីស្រាអែលមានចិត្តឆេះឆួល នៅក្នុងការថ្វាយដល់ព្រះ នូវគ្រឿងអល្ល័ង្កាដែលធ្វើពីមាស អំបោះពណ៌ អំបោះខ្លូតទេស ប្រាក់ លង្ហិន ត្បូង និងគ្រឿងទេស។ អ្នកខ្លះក៏បានថ្វាយពេលវេលា និងអំណោយទានរបស់ខ្លួន ក្នុងការសាងសង់នេះផងដែរ(ខ.២៥-២៦)។
បើសិនជាយើងយកគំរូតាមពួកអ៊ីស្រាអែល ហើយស្ម័គ្រចិត្តថ្វាយធនធានរបស់យើង នោះយើងបានបំពេញព្រះទ័យព្រះ ហើយថ្វាយព្រះកិត្តិនាមព្រះអង្គ ដោយអាកប្បកិរិយ៉ា និងដង្វាយរបស់យើង។ ព្រះអម្ចាស់ ដែលបានទតមើល និងជ្រាបអំពីគំនិត និងចិត្តរបស់យើង ព្រះអង្គស្រឡាញ់អ្នកដែលថ្វាយដោយអំណរ។ ព្រះអង្គជាគំរូដ៏ល្អបំផុត នៃភាពសប្បុរស(យ៉ូហាន ៣:១៦)។-Jennifer Benson Schuldt