ថ្មីៗនេះ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានផ្លាស់មករស់នៅ ក្នុងផ្ទះថ្មី។ មានពេលមួយ មានបុរសម្នាក់បានយកផ្លែស្តបូរី មួយកេសធំ មកដាក់ចោលនៅតាមផ្លូវដើរ ខាងមុខផ្ទះយើង។ គាត់បានសរសេរក្រដាស់មួយសន្លឹកដាក់ពីលើនោះថា គាត់ចង់ឲ្យយើងចែករំលែកផ្លែស្ត្របូរីនោះ ជាមួយអ្នកជិតខាងរបស់យើង។ គាត់មានបំណងល្អទេ ប៉ុន្តែ មានក្មេងៗខ្លះ បានឃើញផ្លែស្ត្របូរីមួយកេសនោះ មុនពេលយើងមកដល់ ហើយក្មេងៗទាំងនោះនាំគ្នាយកផ្លែស្ត្របូរីនោះ គប់គ្នាលេង ក្នុងបរិវេណផ្ទះរបស់យើង ដែលមានជញ្ជាំងពណ៌សរ។ ពេលយើងត្រឡប់មកផ្ទះវិញ យើងឃើញក្មេងៗ ដែលយើងស្គាល់កំពុងមើលមកយើងពីខាងក្រៅរបងផ្ទះ។ ពួកគេបានត្រឡប់មកមើលកន្លែង ដែលពួកគេបានបង្ករភាពរញេរញ៉ៃនោះដោយចង់ដឹងថា យើងនឹងមានប្រតិកម្មយ៉ាងណា ចំពោះភាពរញេរញ៉ៃនោះ។ ពេលនោះ យើងអាចបោសសម្អាតដោយខ្លួនឯង ប៉ុន្តែ ដើម្បីស្អាងទំនាក់ទំនងឡើងវិញ យើងយល់ថា យើងចាំបាច់ត្រូវទៅនិយាយជាមួយពួកគេ ហើយប្រាប់ឲ្យពួកគេជួយសម្អាតជញ្ជាំងផ្ទះដែលបានប្រឡាក់នោះ។
ការរស់នៅរបស់យើង អាចមានភាពរញេរញ៉ៃ ដោយសារបញ្ហានៅក្នុងទំនាក់ទំនង។ ពួកជំនុំ នៅក្រុងភីលីពក៏បានជួបបញ្ហានោះផងដែរ។ មានអ្នកបម្រើព្រះដ៏ស្មោះត្រង់ពីរនាក់ គឺអ្នកស្រីអ៊ើរ៉ូឌា និងអ្នកស្រីស៊ុនទីច មានការមិនចុះសម្រុងគ្នាយ៉ាងខ្លាំង។ បានជាសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំមួយនេះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យធ្វើការដោះស្រាយបញ្ហានេះ(ភីលីព ៤:២)។ គាត់ក៏ចង់ឲ្យមានមនុស្សម្នាក់ទៀត មកជួយដោះស្រាយបញ្ហារបស់ពួកគេ ដោយវិញ្ញាណដ៏សុភាព។ គឺដូចដែលគាត់បានមានប្រសាសន៍ ក្នុងសំបុត្រនោះថា “ខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង”(ខ.៣) ។
ពេលយើងដឹងថា មនុស្សគ្រប់គ្នាសុទ្ធតែបង្ករឲ្យមានភាពរញេរញ៉ៃក្នុងការរស់នៅ នោះយើងអាចទុកចិត្តថា ព្រះអង្គនឹងជួយឲ្យយើងដោះស្រាយបញ្ហានោះជាមួយអ្នកដទៃ ដោយចិត្តសុភាព។-Anne Cetas