ខ្ញុំមានមិត្តភ័ក្តម្នាក់ ដែលហាក់ដូចជាល្អជាងខ្ញុំ គ្រប់ចំណុច។ គាត់ឆ្លាតជាងខ្ញុំ។ គាត់គិតបានស៊ីជម្រៅជាង ហើយគាត់ដឹងថា នៅទីណាគាត់អាចរកបានសៀវភៅដែលល្អជាងសម្រាប់អាន។ គាត់ថែមទំាងលេងកីឡាវាយកូនហ្គោលបានល្អជាងខ្ញុំផងដែរ។ ពេលខ្ញុំចំណាយពេលជាមួយគាត់ ខ្ញុំបានទទួលការជំរុញចិត្តឲ្យខិតខំធ្វើយ៉ាងណា ឲ្យក្លាយជាមនុស្សដែលល្អជាងមុន ដែលមានគំនិតកាន់តែស៊ីជម្រៅ។ ខ្នាតគំរូនៃភាពល្អប្រសើររបស់គាត់ បាននាំចិត្តខ្ញុំឲ្យខិតខំស្វែងរកការអ្វីដែលកាន់តែធំប្រសើរ។
ការនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីគោលការណ៍ខាងវិញ្ញាណ ដែលបានបង្រៀនយើងឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះ ដើម្បីឲ្យយើងអាចនៅជាប់នឹងព្រះគ្រីស្ទ។ ពេលខ្ញុំអានបទគម្ពីរដែលចែងអំពីសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌ ដែលព្រះគ្រីស្ទមានចំពោះយើង ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ឲ្យស្រឡាញ់អ្នកដទៃ ដោយមិនទៀមទាការតបស្នងអ្វីឡើយ។ ពេលខ្ញុំដឹងថា ព្រះអង្គប្រទានសេចក្តីមេត្តាកុរណា និងព្រះគុណ ដោយឥតគិតថ្លៃ ដល់មនុស្សដែលមិនសមនឹងទទួល ខ្ញុំមានចិត្តខ្មាស់អៀនណាស់ ព្រោះខ្ញុំចេះតែមិនព្រមអត់ទោសឲ្យគេ ហើយចង់សងសឹក។
ខ្ញុំមានការដឹងគុណព្រះកាន់តែខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះអម្ចាស់បានដណ្តប់កាយខ្ញុំ ដោយសម្រស់នៅសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះអង្គ ទោះបីជាខ្ញុំបានប្រព្រឹត្តខុស គួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ ព្រះអង្គបានបង្ហាញផ្លូវដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានគូប្រៀបរបស់ព្រះអង្គ ក្នុងព្រះគម្ពីរ ដែលបានបណ្តាលចិត្ត និងធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ។ ខ្ញុំមិនចង់ឲ្យជីវិតខ្ញុំនៅដដែលឡើយ ពេលដែលព្រះអង្គនាំឲ្យខ្ញុំផ្លាស់ប្រែកាន់តែដូចព្រះអង្គ ក្នុងព្រះវត្តមានព្រះអង្គ។
សាវ័កប៉ុលបានប្រាប់យើង ឲ្យមើលទៅព្រះគ្រីស្ទ ដោយអំណរ ហើយកាលណាយើងមើលទៅព្រះអង្គ យើងក៏បាន “ផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe Stowell