លោកម៉ាក(Max) មានកសិដ្ឋានដ៏តូចមួយ សម្រាប់ចិញ្ចឹមសត្វ ជាការកម្សាន្ត។ ថ្មីៗនេះ ពេលគាត់ទៅពិនិត្យមើលសត្វគោ ដែលគាត់ចិញ្ចឹម គាត់មានការភ្ញាក់ផ្អើលណាស់ ពេលបានឃើញកូនគោមួយក្បាលទើបកើត។ ពេលគាត់ទិញគោមួយហ្វូងមកចិញ្ចឹម គាត់មិនដឹងថា មានគោមួយក្បាលផើមទេ។ តែគួរឲ្យស្តាយណាស់ បន្ទាប់ពីកូនគោកើតមិនទាន់បានប៉ុន្មានផង មេគោនោះក៏បានឈឺស្លាប់។ ភ្លាមនោះ លោកម៉ាកក៏បានទិញម្សៅទឹកដោះគោលាយទឹកច្រកក្នុងដប ឲ្យកូនគោនោះបៅ។ គាត់ក៏បានប្រាប់ខ្ញុំថា “កូនគោនោះ វាគិតថា ខ្ញុំជាមេវា!”
ពេលខ្ញុំបានស្តាប់រឿងដែលលោកម៉ាកចិញ្ចឹមកូនគោ ខ្ញុំក៏បាននឹកចាំ អំពីការដែលសាវ័កប៉ុលមើលថែរពួកជំនុំនៅក្រុងថែស្សាឡូនិច ដោយប្រដូចខ្លួនគាត់ ទៅនឹងម្តាយដែលចិញ្ចឹមកូន។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។
សាវ័កប៉ុលមានអាកប្បកិរិយ៉ាជាអ្នកចិញ្ចឹមបីបាច់កូន ពេលគាត់បង្រៀនអ្នកដទៃ។ គាត់ដឹងថា អ្នកជឿព្រះត្រូវការ “ទឹកដោះនៃព្រះបន្ទូល” ដើម្បីលូតលាស់ខាងវិញ្ញាណ(១ពេត្រុស ២:២)។ តែគាត់ក៏បានផ្តល់ការយកចិត្តទុកដាក់ជាពិសេស ចំពោះការខ្វះខាតរបស់ពួកគេផងដែរ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់”(១ថែស្សាឡូនិច ២:១១-១២)។
ពេលយើងបម្រើគ្នាទៅវិញទៅមក យើងអាចបម្រើ តាមគំរូនៃការមើលថែរដ៏ស្រទន់របស់ព្រះសង្រ្គោះនៃយើង ដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរជីវិតខាងវិញ្ញាណរបស់យើង(ហេព្រើ ១០:២៤)។-Dennis Fisher