អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “យើងគួរតែឲ្យអតីតកាល ធ្វើជាបង្គោលនាំផ្លូវ ជាជាងធ្វើជាបង្គោលចងសេះ”។ យើងងាយនឹងចងខ្លួនឯង ជាប់នឹងអនុស្សាវរីយនៃ “ថ្ងៃដ៏ល្អ ដែលយើងមានកាលពីមុន” ជាជាងប្រើបទពិសោធន៍របស់យើង ដើម្បីស្វែងរកទិសដៅធ្វើដំណើរទៅមុខទៀត។ យើងងាយនឹងទទួលឥទ្ធិពល ពីសេចក្តីប៉ងប្រាថ្នាដែលធ្វើឲ្យយើងទៅមុខលែងរួច គឺការប៉ងប្រាថ្នាចង់បាន អ្វីដែលធ្លាប់មានពីមុន។
មានពេលមួយព្រះអម្ចាស់បានត្រាស់ហៅលោកយេរេមា ឲ្យធ្វើជាហោរាដល់អស់ទាំងសាសន៍ ដែលកាលនោះ គាត់ជាសង្ឃរបស់ព្រះ នៅក្រុងតូចមួយក្បែរទីក្រុងយេរូសាឡិម(យេរេមា ១:៥)។ ព្រះអង្គបានឲ្យគាត់ធ្វើកិច្ចការដ៏ពិបាកមួយ គឺឲ្យគាត់ប្រកាសប្រាប់អំពីការជំនុំជម្រះរបស់ព្រះ មកលើជនជាតិយូដា ដែលបានងាកបែរចេញពីព្រះអង្គ។ ពេលលោកយេរេមាប្រកាសប្រាប់ពួកគេ គាត់ក៏បានបញ្ចាក់យ៉ាងច្បាស់ថា គាត់កំពុងប្រកាសព្រះរាជសាររបស់ព្រះ គឺមិនមែនចេះតែពោលតាមចិត្តខ្លួនឯងទេ(៧:១-២)។
ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា “ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង”។ តែគេប្រកែកថា “យើងរាល់គ្នាមិនព្រមដើរតាមទេ”(៦:១៦)។
ព្រះអម្ចាស់បានជំរុញរាស្រ្តរបស់ព្រះអង្គ ឲ្យងាកមកក្រោយសិន ដើម្បីឲ្យពួកគេអាចធ្វើដំណើរឆ្ពោះទៅមុខ ពោលគឺងាកមកគិតពិចារណា អំពីផ្លូវចាស់ដែលព្រះអង្គបានប្រទានពីបុរាណមក ដើម្បីឲ្យពួកគេរកឃើញ “ផ្លូវដ៏ល្អ”នៅខាងមុខ ដែលមានភាពស្មោះត្រង់ ការអត់ទោស និងការត្រាសហៅរបស់ព្រះអង្គ។
ព្រះទ្រង់អាចបង្រៀនយើង ឲ្យងាកមកគិតអំពីផ្លូវចាស់ ដែលយើងធ្លាប់ដើរជាមួយព្រះអង្គកាលពីមុន ដែលជាផ្លូវដ៏ល្អបំផុត។-David McCasland