ខ្ញុំបានឡើងកំពូលភ្នំ នៅសហរដ្ឋអាមេរិកជាច្រើនដងហើយ ដែលនៅលើនោះ មិនសូវមានរុក្ខជាតិអ្វីដុះច្រើនទេ គឺសំបូរទៅដោយផ្ទាំងថ្មរធំៗ និងពពួកផ្សិត។ ដូចនេះ កំពូលភ្នំមិនមែនជាកន្លែង ដែលយើងអាចរកបានដើមស្រូវច្រើនឡើយ។
តែស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធទំនុកដំកើង ជំពូក៧២ បានមានបន្ទូលថា “នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ”។ តាមធម្មតា យើងមិនឃើញមានស្រូវដុះ នៅលើកំពូលភ្នំទេ ដូចនេះ តើស្តេចសាឡូម៉ូនកំពុងមានបន្ទូលសំដៅទៅលើអ្វី? តើទ្រង់កំពុងមានបន្ទូលប្រៀបប្រដូច អំពីអំណាចចេស្តារបស់ព្រះ ដែលអាចបង្កើតផល នៅកន្លែងដែលរុក្ខជាតិពិបាកលូតលាស់បំផុតឬ?
យើងប្រហែលជាគិតថា យើងជាមនុស្សតូចតាច មិនអាចនាំផលអ្វីច្រើន ចូលក្នុងនគរព្រះទេ។ ប៉ុន្តែ ចូរយើងមានចិត្តក្លាហានឡើង ដ្បិតព្រះទ្រង់អាចបង្កើតផលជាបរិបូរ តាមរយៈជីវិតរបស់យើង។ ព្រះទ្រង់ប្រើមនុស្សតូចទាប ឲ្យសម្រេចកិច្ចការធំ។ នេះហើយជាការអស្ចារ្យនៃសេចក្តីជំនឿ។ ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលមានប្រាជ្ញា ឬមានភាពខ្ពង់ខ្ពស់ក្នុងសង្គម ពោលគឺយើងច្រើនតែជាមនុស្សដែលគេមិនស្គាល់ ដែលគ្មានអ្វីដែលអស្ចារ្យទេ។ តែយើងរាល់គ្នាសុទ្ធតែអាចឲ្យព្រះអង្គប្រើប្រាស់ជីវិតយើង។ ដោយសារតែយើងអន់ខ្សោយនោះហើយ បានជាព្រះទ្រង់ប្រើយើង(១កូរិនថូស ១:២៧-២៩ ២កូរិនថូស ១២:១០)។
យើងប្រហែលជាមិនគិតដូច្នោះទេ តែនេះជាការពិតមែន។ ព្រះមិនប្រើយើងទេ បើយើងខ្ពង់ខ្ពស់ ឬមានអំណួតពេក តែព្រះនៅតែអាចប្រើយើង ទោះបីជាយើងមានភាពតូចទាបយ៉ាងណាក៏ដោយ។ ដ្បិតព្រះទ្រង់ជួយឲ្យយើង“ខ្លាំងឡើង” ដោយសារ “ភាពកម្សោយរបស់យើង”(ហេព្រើ ១១:៣៤)។ ដូចនេះ យើងអាចធ្វើការទាំងអស់ ដែលព្រះអង្គត្រាសហៅឲ្យយើងធ្វើ ដោយពឹងលើអំណាចចេស្តាព្រះអង្គ។-David Roper