មានមនុស្សមិនច្រើនទេ ដែលបានចំណាយពេលសិក្សាច្បាប់ ស្តីអំពីការបង់ពន្ធប្រាក់ចំណូល នៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីហ្វូបេ បានចេញផ្សាយថា ក្នុងឆ្នាំ២០១៣ ច្បាប់ស្តីអំពីការបង់ពន្ធ ត្រូវបានគេតាក់តែងមក ដោយសរសេរលើស៤លានពាក្យ។ តាមពិត ច្បាប់ពន្ធដានៅសហរដ្ឋអាមេរិក បានប្រែជាមានភាពស្មុគ្រស្មាញយ៉ាងខ្លាំង បានជាសូម្បីតែអ្នកជំនាញផ្នែកច្បាប់ ក៏មានការពិបាកនៅក្នុងការស្វែងយល់ អំពីច្បាប់ពន្ធដារឲ្យបានគ្រប់ជ្រុងជ្រោយដែរ។ ដូចនេះ ភាពស្មុគ្រស្មាញនេះគឺជាបន្ទុក ដែលធ្វើឲ្យគេពិបាកយល់ និងអនុវត្តតាម។
អ្នកដឹកនាំសាសនានៅនគរអ៊ីស្រាអែលសម័យបុរាណ ក៏បាននាំឲ្យប្រជាជនមានបញ្ហាដូចនេះ នៅក្នុងទំនាក់ទំនងជាមួយព្រះផងដែរ។ ពួកគេបានធ្វើឲ្យក្រឹត្យវិន័យ មានភាពស្មុគ្រស្មាញកាន់តែខ្លាំង។ ក្រឹត្យវិន័យសាសនារបស់ពួកគេ បានប្រែក្លាយជាបន្ទុកកាន់តែធ្ងន់ បានជាអ្នកជំនាញខាងក្រឹត្យវិន័យរបស់លោកម៉ូសេ មានការពិបាកនៅក្នុងការស្វែងយល់ អំពីចំណុចសំខាន់នៃក្រឹត្យវិន័យទាំងនោះ។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យវិន័យណាដែលសំខាន់ជាងគេ ព្រះអង្គក៏បានឆ្លើយថា “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១។ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀត ធំជាងបទទាំង២នេះទេ”(ម៉ាកុស ១២:៣០-៣១)។
ក្រឹត្យវិន័យរបស់លោកម៉ូសេជាបន្ទុកសម្រាប់អ្នកកាន់តាម តែសេចក្តីជំនឿលើព្រះគ្រីស្ទ មានភាពសាមញ្ញ ហើយ “បន្ទុកព្រះអង្គក៏ស្រាល”(ម៉ាថាយ ១១:៣០) ព្រោះព្រះទ្រង់បានសព្វព្រះទ័យនឹងអត់ទោសឲ្យយើង ហើយស្រឡាញ់យើង។ សព្វថ្ងៃនេះ ព្រះអង្គជួយឲ្យយើងស្រឡាញ់ព្រះអង្គ និងអ្នកជិតខាងរបស់យើង។-Bill Crowder