មានរឿងមួយដំណាលថា នៅចុងទសវត្សរ៍ឆ្នាំ១៨០០ មានគ្រូគង្វាលជនជាតិអឺរ៉ុបមួយក្រុម បានទៅចូលរួមសន្និសិទព្រះគម្ពីរ របស់លោក ឌី អែល មូឌី (D.L. Moody) នៅក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ក្នុងការស្នាក់នៅឯសណ្ឋាគារ ពួកគេបានដាក់ស្បែកជើង នៅក្រៅបន្ទប់សណ្ឋាគារ មុនពេលចូលគេង តាមប្រពៃណីរបស់ខ្លួន ដោយរំពឹងថា អ្នកធ្វើការនៅសណ្ឋាគារនឹងសម្អាតស្បែកជើងឲ្យពួកគេ។ ពេលលោកមូឌីឃើញស្បែកជើងនៅក្រៅបន្ទប់ដូចនោះ គាត់ក៏បានប្រាប់អ្នកដទៃទៀតឲ្យបានដឹង អំពីតម្រូវការរបស់ពួកគេ ព្រោះគាត់យល់ពីប្រពៃណីរបស់ពួកគេ។ ប៉ុន្តែ គ្មាននរណាម្នាក់ឆ្លើយតបសោះ។
លោកមូឌីក៏បានដើរប្រមូលស្បែកជើងទាំងអស់នោះមកសម្អាតដោយខ្លួនឯង។ មានមិត្តភក្តិរបស់គាត់ម្នាក់បានមកជួបគាត់នៅក្នុងបន្ទប់គាត់ ដោយមិនបានប្រាប់គាត់ជាមុន ក៏បានដឹងអំពីរឿងនេះ ហើយក៏បាននិយាយប្រាប់គេ អំពីការអ្វីដែលលោកមូឌីបានធ្វើនោះ។ រឿងនោះក៏បានឮតៗគ្នា ហើយពីរបីយប់ក្រោយមក អ្នកដទៃទៀតបានដាក់វេនគ្នាជួយសម្អាតស្បែកជើងរបស់ក្រុមគ្រូគង្វាលអឺរ៉ុប។
លោកមូឌីមានគំរូនៃភាពជាអ្នកដឹកនាំ ដែលមានការបន្ទាបខ្លួន ដែលបានបញ្ឆេះចិត្តអ្នកដទៃ ឲ្យយកតម្រាប់តាមគំរូរបស់គាត់។ សាវ័កប៉ុលបានរំឭកលោកធីម៉ូថេថា “ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ(២ធីម៉ូថេ ២:១-២)។ ពេលដែលយើងនឹកចាំថា កម្លាំងរបស់យើងបានមកពីព្រះគុណព្រះ នោះការនឹកចាំដូចនេះ នឹងជួយឲ្យយើងមានការបន្ទាបខ្លួន។ បន្ទាប់មក យើងចែកចាយអំពីសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ ដោយការបន្ទាបខ្លួន ដោយធ្វើគំរូ ដែលលើកទឹកចិត្ត និងបញ្ឆេះចិត្តអ្នកដទៃ ឲ្យយកតម្រាប់តាម។
ព្រះយេស៊ូវជាគំរូនៃភាពជាអ្នកបម្រើ សម្រាប់យើងរាល់គ្នា។ មិនតែប៉ុណ្ណោះ ព្រះអង្គបានលះបង់ព្រះជន្ម ដើម្បីយើងផង។-Albert Lee