លោកភីត ភីធ័រសិន(Pete Peterson) បានទៅប្រទេសវៀតណាមជាលើកទី១ ក្នុងសម័យសង្រ្គាមវៀតណាម។ ក្នុងអំឡុងពេលគាត់បើកយន្តហោះទម្លាក់គ្រាប់បែក ក្នុងឆ្នាំ១៩៦៦ យន្តហោះរបស់គាត់ត្រូវគេបាញ់ធ្លាក់ ហើយគាត់ក៏បានក្លាយជាអ្នកទោសសង្រ្គាម និងបានទទួលទារុណកម្មយ៉ាងវេទនា។ ជាង៣០ឆ្នាំក្រោយមក គាត់ក៏បានត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងថានៈជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសវៀតណាម។ មានអត្ថបទសារពត៌មានមួយ បានដាក់រហ័សនាមឲ្យគាត់ថា “អ្នកប្រកាសដំណឹង ដែលនាំមកនូវការផ្សះផ្សា”។ គាត់បានដឹងខ្លួនថា ជាច្រើនឆ្នាំកន្លងទៅ ព្រះបានសង្រ្គោះជីវិតគាត់ មិនមែនដើម្បីឲ្យគាត់បន្តរស់នៅ ក្នុងកំហឹងទៀតទេ។ ហេតុនេះហើយ គាត់ក៏បានប្រើជីវិតដែលគាត់នៅសេសសល់ និងមុខតំណែងរបស់គាត់ ដើម្បីធ្វើឲ្យមានការខុសប្លែក ដោយជំរុញឲ្យមានការថែរទាំកុមារនៅប្រទេសវៀតណាម ឲ្យការរស់នៅមានសុវត្ថិភាព តាមស្តង់តាដែលល្អខ្ពស់ជាងមុខ។
យើងនឹងមានការទទួលខុសត្រូវ និងកត្តិយសខ្លាំងណាស់ បើសិនជាបានទទួលការតែងតាំងឲ្យធ្វើជាដំណាងរបស់ប្រទេសយើង នៅប្រទេសដទៃទៀត។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងជា “ទូតរបស់ព្រះគ្រីស្ទ”(២កូរិនថូស ៥:២០)។ ព្រះបានចាត់ព្រះគ្រីស្ទ ឲ្យយាងមកផ្សះផ្សាយើងឲ្យជានឹងព្រះអង្គ(ខ.១៨) ដូចនេះ យើងក៏មានភារៈកិច្ច “ផ្សះផ្សា”ផងដែរ(ខ.១៩)។ យើងត្រូវចេញទៅប្រកាសប្រាប់គេថា មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលការប្រោសលោះ ក្នុងព្រះគ្រីស្ទ ដ្បិតព្រះអង្គ “ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង”(ខ.២១)។
ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានផ្សះផ្សាយើង ឲ្យជានឹងព្រះ យើងត្រូវតែចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គដល់អ្នកដទៃ។ ចូរយើងបំពេញតួនាទីរបស់យើង ឲ្យអស់ពីចិត្ត។ ទោះបីជាព្រះទ្រង់ដាក់យើងនៅកន្លែងណាក៏ដោយ ក្នុងលោកិយនេះ ក៏ព្រះអង្គនៅតែអាចប្រើយើង ឲ្យធ្វើជាអ្នកនាំដំណឹងល្អ ដែលនាំមកនូវការផ្សះផ្សា ថ្វាយព្រះយេស៊ូវគ្រីស្ទ។-C.P.Hia