នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ពេលដែលខ្ញុំទូរស័ព្ទហៅជាង ឲ្យមកជួសជុលឧបករណ៍អ្វីមួយ នៅផ្ទះខ្ញុំ ក្រុមហ៊ុនបានឆ្លើយថា “ជាងនឹងទៅដល់ ក្នុងចន្លោះម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច”។ ដោយសារខ្ញុំមិនដឹងច្បាស់ថា ជាងនឹងមកដល់ពេលណា ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបន្តរង់ចាំ រហូតដល់ពេលគាត់មកដល់។
យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សថា ព្រះអង្គនឹងយាងទៅនគរស្ថានសួគ៌វិញ ហើយពួកគេត្រូវរង់ចាំព្រះអង្គយាងត្រឡប់មកវិញ ក្នុងពេលឆាប់ៗ(យ៉ូហាន ១៦:១៦)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកគេក៏បានជួបព្រះអង្គម្តងទៀត ហើយពួកគេសង្ឃឹមថា ព្រះអង្គនឹងតាំងនគរព្រះអង្គ នៅក្នុងលោកិយ ក្នុងពេលនោះតែម្តង។ ប៉ុន្តែ ព្រះអង្គបានប្រាប់ពួកគេថា “មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ”(កិច្ចការ ១:៧)។ ដូចនេះ ពួកគេនឹងត្រូវរង់ចំា អស់ពេលយូរទៀត។
ប៉ុន្តែ ពួកគេមិនមែនរង់ចាំ ដោយមិនធ្វើការអ្វីសោះនោះឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកគេ ឲ្យ“ធ្វើជាទីបន្ទាល់ពីព្រះអង្គ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ហើយព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយឲ្យពួកគេបំពេញមហាបេសកកម្មនេះ។
សព្វថ្ងៃនេះ យើងនៅបន្តរង់ចំាព្រះយេស៊ូវយាងមកវិញ។ ហើយខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ យើងត្រូវពឹងផ្អែកលើអំណាចព្រះវិញ្ញាណ ដើម្បីប្រាប់អ្នកដទៃ ឲ្យស្គាល់ព្រះអង្គជានរណា ហើយឲ្យពួកគេដឹងថា ព្រះអង្គនឹងយាងមកវិញ តាមព្រះបន្ទូលសន្យា។-Anne Cetas