លោកឆាល វិតថលស៊ី(Charles Whittlesey) ជាវីវរៈបុរសដែលល្បីល្បាញជាងគេ ក្នុងសង្រ្គាមលោកលើកទី១។ គាត់ជាអ្នកដឹកនាំ “កងវរសេនាតូចដែលបានវង្វេង” ក្នុងសង្រ្គាមដ៏ធំនោះ។ គាត់បានទទួលមេដាយកិត្តិយស សម្រាប់ភាពក្លាហាន នៅក្នុងការដឹកនាំកងទ័ពរបស់គាត់ ដែលបានជាប់នៅពីក្រោយខ្សែត្រៀមរបស់សត្រូវ។ បន្ទាប់ពីវិមានបញ្ចុះសពសម្រាប់ទាហានដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេសម្ភោធហើយ គេក៏បានជ្រើសរើសលោកឆាល ឲ្យបម្រើការជាអ្នកសែងមឈូសរបស់សពទាហានទីមួយ ដែលគេត្រូវបញ្ចុះនៅទីនោះ។ ពីរសប្តាហ៍ក្រោយមក គេបានសន្និដ្ឋានថា គាត់បានបញ្ចប់ជីវិតខ្លួនឯង ដោយលោតចុះពីលើនាវាកម្សាន្ត នៅកណ្តាលមហាសមុទ្រអាត្លង់ទិច។
លោកឆាលមានភាពរឹងមាំ នៅចំពោះមហាជន គឺមិនខុសពីលោកហោរាអេលីយ៉ាទេ(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេមិនដឹងទេថា ចិត្តរបស់គាត់មានពេញដោយភាពអស់សង្ឃឹម ក្នុងពេលដែលគាត់នៅស្ងាត់ស្ងៀមម្នាក់ឯង។ មនុស្សសព្វថ្ងៃច្រើនតែជួបបញ្ហា ដែលពួកគេគិតថាខ្លួនមិនអាចដោះស្រាយបាន។ ជួនកាល ការអស់សង្ឃឹមដែលយើងមានមួយរយៈពេល នាំឲ្យមានការនឿយហត់ខ្លាំង។ ជាក់ស្តែង លោកអេលីយ៉ាធ្លាប់ជួបបញ្ហានេះ បន្ទាប់ពីគាត់បានឈ្នះពួកហោរារបស់ព្រះបាល(១៨:២០-៤០)។ គាត់មានការភ័យខ្លាចសេចក្តីស្លាប់ ហើយក៏បានរត់គេចខ្លួនចូលវាលរហោស្ថាន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញាប់ ការអស់សង្ឃឹមមានរយៈពេលវែង ហើយនាំឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ ហេតុនេះហើយ យើងចាំបាច់ត្រូវទូលដល់ព្រះ និងចែកចាយដល់អ្នកដទៃ អំពីការអស់សង្ឃឹមរបស់យើង។
ព្រះទ្រង់ប្រទាននូវព្រះវត្តមានរបស់ព្រះអង្គ ដល់យើង ក្នុងពេលដែលយើងជួបភាពងងឹតបំផុត ដើម្បីជួយកម្សាន្តចិត្តយើង ហើយដើម្បីឲ្យយើងអាចជួយអ្នកដទៃ ដែលមានការឈឺចាប់ នៅថ្ងៃក្រោយ តាមគំរូព្រះអង្គ។ ពេលដែលយើងស្រែករកជំនួយ ពីអ្នកដទៃ និងពីព្រះ អាចជាពេលដែលរឹងមាំបំផុត ក្នុងជីវិតយើង។-Randy Kilgore