មានពេលមួយ ភ្ញៀវទាំងឡាយដែលមកទស្សនានៅសួនសត្វមួយ មានការខឹងសម្បា ពេលដែល “សត្វតោអាហ្វ្រិក” បានចេះព្រូសដូចឆ្កែ ជាជាងស្រែកគ្រហឹមដូចសត្វតោ។ បុគ្គលិកសួនសត្វនោះ ក៏បានប្រាប់គេថា ពួកគេបានតុបតែងខ្លួនសត្វឆ្កែពូជទីបេ(ដែលជាឆ្កែដ៏ធំ) បន្លំធ្វើជាសត្វតោ ព្រោះពួកគេមិនមានលទ្ធភាពទិញសត្វតោអាហ្វ្រិកទេ។ ជាការពិតណាស់ បញ្ហានេះបានធ្វើឲ្យសួនសត្វនេះខូចឈ្មោះ បាត់បង់ការជឿជាក់ ហើយមនុស្សម្នាមិនងាយនឹងទៅលេងសួនសត្វនោះទៀតឡើយ។
កេរ្តិ៍ឈ្មោះមានភាពផុយស្រួលណាស់។ កាលបើបានខូចហើយ នោះមិនងាយនឹងកែខៃឲ្យដូចដើមឡើយ។ វាមិនមែនជារឿងចម្លែកទេ ដែលមានមនុស្សជាច្រើន បានលះបង់កេរ្តិ៍ឈ្មោះដ៏ល្អ ដើម្បីឲ្យបានអំណាច ឥទ្ធិពល ឬផលកម្រៃ។ យើងក៏អាចជួបរឿងនេះផងដែរ។ ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង”(សុភាសិត ២២:១)។ ត្រង់ចំណុចនេះ ព្រះទ្រង់កំពុងតែប្រាប់យើងថា តម្លៃដ៏ពិតមិនមាននៅក្នុងទ្រព្យសម្បត្តិទេ តែមាននៅក្នុងកេរ្តិ៍ឈ្មោះរបស់យើង។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានព្រះនាមព្រះអង្គនៅជាប់នឹងជីវិតយើង។ ដើម្បីសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង យើងត្រូវរស់នៅដោយទីបន្ទាល់ ដែលសក្តិសមនឹងព្រះនាមព្រះអង្គ ដោយឆ្លុះបញ្ចាំង ឲ្យគេឃើញថា យើងមានលក្ខណៈដូចព្រះអង្គ នៅក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។
ពេលដែលយើងដួល ព្រះអង្គលើកយើងឡើង ម្តងហើយម្តងទៀត ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ។ គំរូដ៏ល្អរបស់យើង នឹងនាំឲ្យមនុស្សនៅក្បែរយើងសរសើរដំកើងព្រះ ដែលបានរំដោះយើង និងធ្វើឲ្យយើងផ្លាស់ប្រែ(ម៉ាថាយ ៥:១៦) ដ្បិតព្រះនាមព្រះអម្ចាស់សក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងការសរសើរគ្រប់យ៉ាង។-Poh Fang Chia